បទអត្ថាធិប្បាយ ៖ ដំបូងយើងត្រូវទះដៃអបអរសាទរដែលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ អស់រលីង ទាំង១២២នាក់។ មានន័យថា គ្មាននរណាម្នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាល ជំងឺកូវីដ-១៩ទេ។ ប្រជាជនកម្ពុជាទាំងអស់បានត្រេកអរចំពោះជោគជ័យនេះ ដែលកើតចេញពី កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពីកិច្ចប្រឹងប្រែងរបស់គ្រូពេទ្យ និងអ្នកពាក់ព័ន្ធ ព្រមទាំងការ ចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់រូប។
ប៉ុន្តែអ្វីដែលប្រជាជនកម្ពុជាត្រូវចងចាំនោះគឺ ពិតមែន តែអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញទាំង១២២នាក់ បានជាសះស្បើយមែន នេះមិនមែន មានន័យថា កម្ពុជាលែងត្រូវបានគំរាមកំហែងដោយមេរោគកូវីដ-១៩ នោះឡើយ។ ដំណឹងដែលអាក្រក់នោះគឺ មេរោគនេះបានកំពុងតែរាលដាលនៅអឺរ៉ុប និងនៅអាមេរិក ហើយបង្កការគំរាមកំហែងកាន់តែធ្ងន់ធ្ងរចំពោះពិភពលោក។ ខណៈដែលប្រទេសអឺរ៉ុប មួយចំនួនរៀងធូរស្បើយនោះ ប្រទេសរុស្ស៊ីបានមានកំណើនអ្នកផ្ទុកមេរោគកូវីដ-១៩ គួរឲ្យភ័យខ្លាច។
ពិភពលោកទាំងមូលមានអ្នកជំងឺកូវីដ-១៩ ចំនួន ជាង ៤,៧ លាននាក់ និង អ្នកស្លាប់ដោយសារជំងឺនេះមានចំនួនជាង ៣១ម៉ឺននាក់ គិតត្រឹមថ្ងៃអាទិត្យទី១៧ ខែឧសភា។ ចំណែករុស្ស៊ីមានអ្នកផ្ទុកមេរោគកូវីដ-១៩ ឡើងដល់ជាង២៧ម៉ឺននាក់ ខណៈដែលអាមេរិក មានស្លាប់ជិត៩ម៉ឺននាក់ និងមានអ្នកជំងឺជាង១,៥លាននាក់។ ស្ថានភាពកូវីដ-១៩ បង្ខំឲ្យអង្គការសុខភាពពិភពលោកប្រកាសជំរុញឲ្យរដ្ឋាភិបាលជុំវិញពិភពលោករួមគ្នាទប់ស្កាត់មេរោគនេះ។ នៅចំពោះស្ថានភាពដ៏អាក្រក់បែបនេះ ប្រឆាំងនឹងមេរោគដ៏សាហាវនេះ។ រដ្ឋាភិបាលកម្ពុជាបន្តធ្វើការទប់ស្កាត់ការចម្លងទាំងពីខាងក្រៅ និងខាងក្នុង។ ការទប់ការចម្លង ពីក្រៅប្រទេសគឺជាខ្សែត្រៀមទីមួយដែលកម្ពុជាត្រូវតែរឹតរឹតបន្តឹងឲ្យខ្លាំង និងជាប់ជានិច្ច។
ចំពោះ នៅក្នុងប្រទេសកម្ពុជាវិញ ទាំងរដ្ឋាភិបាលពិសេសក្រសូងសុខាភិបាល អ្នកពាក់ព័ន្ធ ក៏ដូចជាប្រជាជនកម្ពុជា គ្រប់រូបត្រូវរួមគ្នាជាធ្លុងមួយដើម្បីទប់ស្កាត់មេរោគកូវីត-១៩នេះ ដើម្បីបញ្ចៀសឲ្យបាន ស្ថានការណ៍មួយដែលមានការរាលដាលឆ្លងមេរោគកូវីដ-១៩នេះ ហួសពីសមត្ថភាពគ្រប់គ្រង។ ក្នុងន័យនេះ ប្រជាជនមិនត្រូវសប្បាយភ្លេចខ្លួន ឡើយ ហើយត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច។ ខណៈដែលសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើរ ហាក់ដូចជាចាប់ផ្តើមកើតមានដូចធម្មតានោះ វាទាមទារឲ្យមានការបង្កើនវិធានការបង្ការ គ្រប់យ៉ាង។ ផ្សារលក់ទំនិញ ភោជនីយដ្ឋាន និងអ្នកលក់ដូរ ទាំងអស់ត្រូវមានវិធានការ ចាំបាច់គ្រប់យ៉ាងដើម្បីចូលរួម បញ្ចៀសការចម្លងមេរោគកូវីដ-១៩ដោយមិនដឹងខ្លួន។
អ្នកលក់ដូរដែលប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើន ចុងភៅធ្វើម្ហូបអាហារ អ្នកបម្រើការតាម ភោជនីយដ្ឋាន ត្រូវពាក់ម៉ាសឲ្យបានគ្រប់ពេលវេលាដើម្បីបញ្ចៀសការចម្លងមេរោគ។ ទន្ទឹមនោះ ការធ្វើអនាម័យឲ្យបានល្អតាមកន្លែងទាំងអស់នេះក៏មានភាពចាំបាច់ផងដែរ។ ការទទួលភ្ញៀវ ការរៀបចំតុអាហារ ត្រូវគោរពគោលការណ៍រក្សាគម្លាត។ ដើម្បីទបស្កាត់ការឆ្លងមេរោគនេះ ប្រជាជនកម្ពុជាម្នាក់ៗ ត្រូវលាងសម្អាតដឲ្យស្អាត មិននៅជិតអ្នកមានរោគសញ្ញា ឬមានផ្ទុក មេរោគ កូវីដ-១៩ ចៀសវាងកន្លែងដែលមានការជួបជុំមនុស្សច្រើន មិនធ្វើដំណើរមិនចាំបាច់ ទៅកាន់ប្រទេស ដែលមានការរាលដាលមេរោគនេះនោះជាដើម។ ការបង្ការ ផ្ទាល់ខ្លួនគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីទប់ស្កាត់ការរាដាលមេរោគនេះ។ កន្លងមកថ្មីៗនេះ នៅពេលដែលសភាពការណ៍កូវីដ-១៩បានល្អប្រសើរនោះ ប្រជាជនជាច្រើនបាន នាំគ្នាធ្វើដំណើរកម្សាន្ត ហើយជាការកត់សម្គាល់ អ្នកធ្វើដំណើរទាំងនោះហាក់ដូចជា មិនបានគិតដល់ ការរក្សាគម្លាតយ៉ាងតិចពីរម៉ែត្រឡើយ។
ពេលខ្លះ គេបានថែមទាំងប្រជ្រៀត គ្នាទិញម្ហូបអាហារ ដូចជានៅផ្សារក្តាមខេត្តកែបជាដើម។ ប្រការនេះជាហានិភ័យមួយនៃការឆ្លង និងចម្លងមេរោគកូវីដ-១៩។ គេត្រូវតែប្រយ័ត្នហើយ មិនត្រូវប្រមូលផ្តុំមនុស្សច្រើនពេកបែបនេះទេ។ ប្រជាជនកម្ពុជាម្នាក់ៗក៏អាចជួយទប់ស្កាត់ការចម្លងក្នុងគ្រួសារ តាមកន្លែងធ្វើការ និងសហគមន៍ ផងដែរ។ មនុស្សម្នាក់ៗ និងគ្រួសារនីមួយៗអាចចូលរួមទប់ស្កាត់ការចម្លងមេរោគ បានតាមរយៈ ការមានផែនការដ៏ច្បាស់លាស់មួយនៅក្នុងគ្រួសារសម្រាប់បង្ការការឆ្លង និងការចម្លងមេរោគ កូវីដ-១៩។
បើក្នុងករណីដ៏អាក្រក់មាននរណាម្នាក់អាចមានរោគសញ្ញាមេរោគ ឬក៏មានផ្ទុក មេរោគ កូវីដ-១៩ គ្រួសារនីមួយៗអាចយល់ដឹងអំពីភាពចាំបាច់នៃការដាក់នៅដោយឡែក អ្នកដែលមាន រោគសញ្ញាក្តៅខ្លួន ក្អក និងមានប្រវត្តិ ទៅកាន់កន្លែងដែលមានឆ្លងរាលដាលមេរោគនេះ ឬក៏ធ្លាប់នៅជិតអ្នកមានមេរោគ។ ជននោះត្រូវ នៅម្នាក់ឯងក្នុងបន្ទប់ដោយឡែកមួយ ហើយទទួលទានអាហារដាច់ពីគេរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និងរកជំនួយពី គ្រូពេទ្យតាមរយៈទូរស័ព្ទទៅកាន់១១៥។ គ្រួសារនីមួយៗត្រូវមានចំណេះដឹងគ្រប់គ្រាន់ អំពីការចម្លង និងការឆ្លងមេរោគកូវីដ-១៩ សារសំខាន់នៃការលាងដៃដើម្បីទប់ស្កាត់ការឆ្លងមេរោគ និងសារសំខាន់នៃការពាក់ម៉ាសមុខ ឬប្រើក្រមា ដើម្បីទប់ស្កាត់ការចម្លងមេរោគទៅអ្នកនៅជិតខ្លួន ព្រមទាំងសារសំខាន់នៃការធ្វើអនាម័យ ផ្ទះសម្បែង ដើម្បីឲ្យបានស្អាត។
សំខាន់ដូចគ្នានេះ ការមានផែនការច្បាស់លាស់ដើម្បីទប់ស្កាត់ការឆ្លង និងការចម្លង មេរោគនៅកន្លែង ធ្វើការក៏មានសារសំខាន់ខ្លាំងដូចគ្នាដែរ។ បុគ្គលិកដែលមានរោគសញ្គាក្តៅខ្លួន ក្អក ឬក៏ពិបាកដកដង្ហើម គួរតែត្រូវបានឲ្យច្បាប់អនុញ្ញាតឈប់សម្រាកដើម្បីចៀសវាង ការចម្លងណាមួយដល់អ្នកផ្សេងនៅកន្លែងធ្វើការ។ មេរោគនេះសាហាវណាស់។ វាមិនស្គាល់អ្នកតូច អ្នកធំ អ្នកក្រ អ្នកមាន ស្បែក សឬ ស្បែកខ្មៅទេ។ វានឹងចូលដល់មនុស្សគ្រប់គ្នាឲ្យតែវាមានឱកាស។ មានតែការរួមគ្នាជាកម្លាំងតែមួយប៉ុណ្ណោះ ទើបកម្ពុជាអាចទប់ស្កាត់ការរាលដាលមេរោគកូវីដ-១៩ ដែលកំពុងបង្កបង្ហាញយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសជាច្រើននៅក្នុងពិភពលោក។ ជាសរុបនោះ យើងមានហេតុផលគ្រប់គ្រាន់ និងសប្បាយចិត្តដែលឃើញអ្នក ជំងឺទាំងអស់បានជាសះស្បើយ។ ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនឡើយ ចំពោះការទប់ស្កាត់ការឆ្លង និងការចម្លងមេរោគដ៏សាហវានេះ។ នៅពេលដែលយើងប្រុងប្រយ័ត្នទាំងអស់គ្នា មេរោគនេះនឹងពិបាកក្នុងការរាលដាលនៅកម្ពុជា។ កម្ពុជានឹងរួចទុក្ខភ័យជារៀងរហូតពីឃាតកគ្មានរូបនេះ៕ ដោយ ៖ ប្រេវីន