ម្នាក់​ៗ​ស្មាន​តែ​គាត់​យ៉ាងម៉េច​ទៅ​ហើយ ! បែរជា​ឈរ​ចុច​ទូរស័ព្ទ​ធ្វើ​មិនដឹង

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដួល​សន្លប់​បាត់ស្មារតី​ដេក​ស្តូក​ផ្កាប់មុខ នៅ​លើ​ផ្លូវ គ្មាន​រើ​កម្រើក​ដៃជើង​អី​បន្តិច បាន​ប្រហែល កន្លះ​ម៉ោង​ក្រោយ​ទំនងជា​ស្វាង​ស្រវឹង ទើបបាន​ដឹងខ្លួន និង​ងើបឈរ​ទៅ​ចុច​ទូរស័ព្ទ​ធ្វើ​មិនដឹង ពេល​ដែល​រូប​គាត់​ទើបតែ​ចេញ មក​ពី​ផឹក​ផ្ទះ​បងប្អូន និង​ជិះ​ម៉ូតូ ទៅ​បុក​គូទ​រថយន្ត​កូរ៉េ​ធុន​តូច​មួយ​គ្រឿង និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ភ័យ​ប្រហោង​ពោះ​គ្រប់​ៗ​គ្នា ស្មាន​តែ​គាត់​យ៉ាង​មិច​យ៉ាង​ម៉ា​ទៅ​ហើយ​នោះ​។

Loading...

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី វេ​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៧៨ ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់ ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​កូរ៉េ​ដឹក​កម្ទេច​ថ្ម​ធុន​កន្លះ​តោន​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ច​៧២៣៤-​ភព​២ បើកបរ​ដោយ​បុរស​ម្នាក់​រួម​ទាំង​ប្រពន្ធ និង​កូន​តូច​ម្នាក់​ជិះ​ជាមួយ​ផង បាន​ធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​ស្រាប់​មាន​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ស្លែ ពាក់​ស្លាក​លេខ ធ​០១៧៥-​ភព​១ មួយ​គ្រឿង ដែល​បើកបរ​ដោយ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ចេញពី ផ្លូវ​តូច​មួយ​ក្បែរ​នោះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បត់​ឆ្វេង មក​បុក​គូទ រថយន្ត​កូរ៉េ​ធុន​កន្លះ​តោន​មួយ​គ្រឿង​ខាងលើ ដែល​មិន​មាន​ដឹក​អ្វី​ឡើយ បណ្តាល​ឲ្យ​ដួល​សន្លប់​ដេក​ស្តូកស្តឹង​បាត់ស្មារតី​ឈឹង​ផ្កាប់មុខ​ទៅ​លើ​ផ្លូវ​តែ​ម្តង​។ តាម​ប្រភព​ដដែល បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់ ដោយ​បានឃើញ បុរស​រង​គ្រោះ​ដេក​សន្លប់ បាត់ស្មារតី​ឈឹង និង​គ្មាន​រើ​កម្រើក​ដៃជើង​អី​បន្តិច និង​នឹក​ស្មាន​តែ យ៉ាង​មិច​យ៉ាង​ម៉ា​ទៅ​ហើយ​នោះ ទើបបាន​ហៅ​រថយន្ត​សា​មុ​យ​បម្រុង​ឲ្យ​មក​ដឹក​យក​ទៅ​សង្គ្រោះ និង​ហៅ​កម្លាំង​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន​ឱ្យមក​ធ្វើការ​វាស់វែង​ផង​ដែរ​។

ពេល​ដែល​កម្លាំង​ជំនាញ កំពុង​តែ​ធ្វើការ​វាស់វែង និង​រថយន្ត​សា​មុ​យ​មិន​ទាន់​មក​ដល់​ប្រហែលជា​កន្លះ​ម៉ោង​នោះ ទំនងជា ស្វាង​ស្រវឹង​ទើប​បុរស​រង​គ្រោះ​បានដឹង​ខ្លួន​វិញ​ងើប​ទៅ​ឈរ​ចុច​ទូរស័ព្ទ​ធ្វើ​មិនដឹង ហើយ​ធ្វើការ​សួរនាំ​ទៅ ទើប​ដឹង​ថា រូប​គាត់​ទើបតែ​ចេញ​មក​ពី​ផឹក​នៅផ្ទះ​បងប្អូន​របស់​គាត់​នៅ​ក្បែរ​នោះ និង​ប្រាប់​ឲ្យ​រថយន្ត​វិល ត្រឡប់​ទៅ​វិញ ព្រោះ​មិន​មាន​រង​របួស​អ្វី​បន្តិច​ឡើយ​។ ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​ជំនាញ​ចរាចរណ៍ ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ និង​បុរស​បុរស​រង​គ្រោះ​បាន​ស្វាង​ស្រវឹង និង​ដឹង ខ្លួន​វិញ ហើយ​មិន​មាន​រង​របួស​អ្វី​នោះ ក៏​បាន​ទូរស័ព្ទ​ហៅ​ក្រុម​គ្រួសារ​ឲ្យ​មក​យក​បុរស​វ័យ​ចំណាស់​ស្រវឹងស្រា​ម្នាក់ ខាងលើ​មក​ទទួលយក​ទៅ​ផ្ទះ​វិញ ទើបបាន​អនុញ្ញាត​ឲ្យ​បុរស​ជា​ម្ចាស់​រថយន្ត​កូរ៉េ ដឹក​កម្ទេច​ថ្ម បន្តដំណើរ​ទៅ​ទៀត​៕ ដោយ ៖ ភី ផល