ខេត្តព្រះសីហនុ ៖ តំបន់ឆ្នេរដែលជាកន្លែងកម្សាន្តថ្មីមួយទៀត បាន និងកំពុងរីកផុសឡើង នៅក្នុងទឹកដីស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលកន្លែងនេះសម្បូរទៅដោយធម្មជាតិស្រស់បំព្រង ឆ្នេរខ្សាច់ល្អ ដែលពីមុនតំបន់នេះបានលាក់ខ្លួននៅក្នុងព្រៃ ហើយក៏ជាកន្លែងដែលមិនសូវមានគេ ចាប់អារម្មណ៍។

លោក ស កក្កដា អភិបាលស្រុកព្រៃនប់បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា តាមប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទីតាំងឆ្នេរដែលទើបនឹងរីកផុសឡើងនេះ ហើយបានរៀបចំថ្មីនេះនឹងត្រូវដាក់ឈ្មោះថា «ឆ្នេរជំទាវម៉ៅ»។

«ឆ្នេរជំទាវម៉ៅ» មានទីតាំងស្របនឹងផ្លូវជំទាវម៉ៅដែលទើបតែស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កន្លែងនេះនឹងបង្ហាញពីសោភ័ណភាពបែបធម្មជាតិ និងជាឆ្នេរសាធារណៈ ទុកជូនភ្ញៀវជាតិ អន្ដរជាតិ មកទស្សនា លេងកម្សាន្ដបានគ្រប់ពេល៕ ដោយ ៖ ហ៊ុយ ចាន់ធួន


