រាជធានីភ្នំពេញ ៖ រថយន្តត្រេអ៊ីយីឌុបដឹកទំនិញមួយគ្រឿង ខណៈអ្នកបើកបរវ័យក្មេងម្នាក់បើកច្រឡំផ្លូវ ហើយបើកថយក្រោយវិញ ក៏ជ្រុលទៅបុកនឹងទ្វារដែករបងវត្ត បណ្ដាលឲ្យរងការខូចខាត តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ទុលមុខខ្លោងទ្វារវត្តសំពោងផលអណ្ដែត ផ្លូវបេតុង ស្ថិតនៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

រថយន្តពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 02 3.0669 របស់កងពលតូច ង៧០ បើកបរដោយឈ្មោះ រាំង សំនិត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត ភូមិរាមបណ្តៅ ស្រុកគីរីវង្ស ខេត្តតាកែវ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យក្មេង២នាក់ រួមទាំងអ្នកបើកបរបានបើករថយន្តយីឌុបដឹកទំនិញ ពណ៌ត្រេអ៊ីមួយគ្រឿង បានធ្វើដំណើរតាមផ្លូវ បេតុង ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរច្រឡំផ្លូវ ក៏បានថយរថយន្តបត់ត្រឡប់ក្រោយវិញ។

ដោយសារតែអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្តជ្រុលទៅប៉ះនឹងជ្រីរបងវត្ត ហើយថយម្តងទៀតក៏ជ្រុលទៅប៉ះនឹងរបងទ្វារដែកវត្ត ដែលទើបនឹងកសាងហើយបណ្ដាលឲ្យវៀចទ្រង់ទ្រាយដើមអស់បន្តិចបន្តួច តែមិនមានគ្រោះថ្នាក់ ដល់មនុស្សនោះទេ។ ភ្លាមៗនោះដែរ អ្នកបើកបរបានទំនាក់ទំនងទៅខាងតំណាងរថយន្ដ ឲ្យមកជួយដោះស្រាយជាមួយចៅអធិការវត្តផងដែរ។ ក្រោយពេលកើតហេតុ ឃើញមានតំណាង ខាងរថយន្តបានចេញមុខមកសម្របសម្រួលជាមួយនឹងចៅអធិការវត្ត ដោយជួយចេញថ្លៃ ការជួសជុលចំនួន១ពាន់ដុល្លារ ដល់ចៅអធិការវត្តដើម្បីបញ្ចប់រឿង៕ ដោយ ៖ យឹម ឈឿន


