ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ថ្ងៃ​ទី​២០​ឧសភា​ឆ្នាំ​នេះ ត្រូវ​បាន​ផ្អាក​ដោយសារ​កូ​វី​ដ​-១៩

179

រាជធានី​ភ្នំពេញ ៖ ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ថ្ងៃ​ទី​២០ ឧសភា ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ដូច​ជា នៅ​តាម​បណ្ដាល​ខេត្ត​នានា​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង នៅ​ក្នុង​ដែនដី​របស់​ខ្លួន​ជា​រៀង​រាល់ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២០​នេះ ពិធី​រំលឹក​វិញ្ញាណក្ខន្ធ ២០ ឧសភា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​២០ ឧសភា ឆ្នាំ​២០២០​នោះ ត្រូវ​បាន​ផ្អាក​ហើយ ដោយ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន និង​កំពុង​រីក​រាលដាល ពេញ​ពិភពលោក ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​បាន​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ​នោះ​។

Loading...

យោង​តាម​លិខិត​ជម្រាប​ជូន​មក​គណៈកម្មាធិការ​គណបក្ស​រាជធានី​-​ខេត្ត ដែល​ចុះហត្ថលេខា​ដោយ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជម្រាប​មក ឯកឧត្តម លោក​ជំទាវ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​រាជធានី​-​ខេត្ត កម្មវត្ថុ អំពី​ការ​ផ្អាក​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ថ្ងៃ​២០ ឧសភា ឆ្នាំ​២០២០ យោង​តាម​លិខិត​លេខ​០២៥/១៨ ល​គ​.​គក ចុះ​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១៨ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល ស្ដី​ពី​ការ​រៀបចំ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ថ្ងៃ​២០ ឧសភា​។

តាម​កម្មវត្ថុ និង​យោង​ខាងលើ គណៈកម្មការ អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល សូម​ជម្រាប​ជូន ឯកឧត្តម លោក​ជំទាវ​ប្រធាន​គណៈកម្មាធិការ គណបក្ស​រាជធានី ខេត្ត​ទាំងអស់​ជ្រាប​ថា ដោយ​បញ្ហា​កូ​វី​ដ​-១៩ កំពុង​រីក​រាលដាល​ពេញ​ពិភពលោក ដូច្នេះ​ការ​រៀបចំ​ពិធី​ជួបជុំ​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ដែល​គណបក្ស​តាម​បណ្ដា​ថ្នាក់​ត្រៀម​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​ខាង​មុខ ត្រូវ​ផ្អាក​ធ្វើ​ក្នុងឆ្នាំនេះ​។

បើ​យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ទិវា ជាតិ​នៃ​ការ​ចង​ចាំ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​ទៅ បាន​សម្រេច​ថា ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​២០ ខែឧសភា ជា​រៀង​រាល់​ឆ្នាំ ជា​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា សម្រាប់​ជា​ការ​រំលឹក​ដល់​ជន​រង​គ្រោះ និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​១៩៧៩។

ដើម្បី​លើកតម្កើង​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ធ្វើបុណ្យ ឧ​ទ្ធិ​ស​ដល់​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើកតម្កើង​ការ​រំលឹក​ដល់ ជន​រង​គ្រោះ ការ​ស្តារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជន​រង​គ្រោះ ទោះជា​នៅ​រស់ ឬ​បាន​បាត់បង់ ជីវិត​ក៏​ដោយ ប៉ះប៉ូវ​ការ​ឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ចូលរួម​ក្នុង​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​នី​យ​កម្ម ក្នុង​សង្គម​កម្ពុជា និង​លើកកម្ពស់ ការ​ផ្សព្វផ្សាយ និង​ការ​យល់​ដឹង​អំពី​អំពើ​ឃោឃៅ ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កុំ​ឲ្យ​កើត​មាន​ឡើង​សា​ជា​ថ្មី​។

ថ្វី​ត្បិត​ស្រមោល​អន្ធ​កាល​ដ៏​ខ្មៅ​ងងឹត​បាន​កន្លង​ផុត​ទៅ​៤​ទស្ស​វត្ស​ក៏​ដោយ តែ​ស្លាកស្នាម​នៃ សោកនាដកម្ម​ប្រល័យពូជសាសន៍ នៅ​តែ​ដក់​ជាប់​ក្នុង​បេះដូង​កូន​ខ្មែរ​គ្រប់​ៗ​រូប និង​ហាក់ដូចជា​នៅ​ថ្មី​ៗ ស្រស់​ៗ​នៅឡើយ​។ មហា​សោកនាដកម្ម និង​វិនាសកម្ម​ប្រល័យពូជសាសន៍​នៃ​របប​ដ៏​ព្រៃផ្សៃ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ បាន​ធ្វើ​ឲ្យ​ជីវិត​ជន​ស្លូតត្រង់​នៃ​ប្រជាជន​កម្ពុជា​ជាង​៣​លាន​នាក់​ត្រូវ​បាន​គេ​កាប់សម្លាប់ និង​រាប់​លាន​នាក់​ទៀត ត្រូវ​ព្រាត់ប្រាស់​បែកបាក់​គ្រួសារ ហើយ​ក៏​ពុំ​មានគ្រួសារ​ខ្មែរ​ណា​ម្នាក់ ដែល​ដែល​មិន​បាត់បង់​សមាជិកគ្រួសារ​នោះ​ទេ​។

ស្ត្រី​មេម៉ាយ ក្មេង​កំព្រា និង​ជន​ពិការ​ជាដើម មាននៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ក្រោម​ស្នាដៃ​តែ​១​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ​។ ថ្ងៃ​២០​ឧសភា ក៏​ជា​សារ​រំលឹក​ទៅ​ដល់​កូន​ខ្មែរ​គ្រប់​រូប ក៏​ដូច​មនុស្សជាតិ​លើ​សាកល លោក​កុំ​ភ្លេច​នូវ​របប​ប្រល័យ​ពូជ​សាស​ន៏​ដ៏​សាហាវ​ឃោ​ឃៅ និង​គួ​ឲ្យ​ស្អប់ខ្ពើម​នេះ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ