រាជធានីភ្នំពេញ ៖ ដើមក្ងោកមួយដើមបានដួលរលំរលើងទាំងឫសសង្កត់រថយន្ត១គ្រឿង ខណៈពេលដែល ភ្លៀងបានបង្អុរធ្លាក់ និងខ្យល់កន្ទ្រាក់ បោកបក់យ៉ាងខ្លាំងនៅកណ្តាលរាជធានីភ្នំពេញ។ ហេតុការណ៍ នេះបង្កឲ្យមានការកកស្ទះចរាចរណ៍ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ចំណុចស្តុបសន្ធរម៉ុក ស្ថិតនៅតាមបណ្ដោយ មហាវិថីម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទោះបីជាយ៉ាងណា គ្រោះថ្នាក់នេះពុំបណ្តាលឲ្យមនុស្សរងរបូសឡើយ។ រថយន្តដែល ត្រូវដើមឈើរលំសង្កត់ពីលើនេះ ម៉ាកMazda ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់លេខភ្នំពេញ 2AC-5776 បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ។ តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងខាងលើធ្វើដំណើរនៅតាមដងផ្លូវ កម្ពុជាក្រោមក្នុងទិសដៅពីកើតទៅលិច ខណៈពេលដែលភ្លៀងកំពុងតែ បង្អុរធ្លាក់ និងលាយឡំជាមួយខ្យល់កន្ទ្រាក់។

នៅពេលធ្វើដំណើរសុខៗស្រាប់តែដើមក្ងោកមួយដើមប៉ុនខ្លួនមនុស្ស ក៏បានរលើងទាំងឫសដួលរំលំសង្កត់ពីលើចំផ្នែកខាងក្រោយរថយន្តតែម្តង។ នៅក្នុងគ្រោះថ្នាក់នេះពុំបណ្តាលឲ្យ អ្នកបើកបររងរបួសឡើយ គឺគ្រាន់តែបណ្តាលឲ្យរថយន្តបានរងការខូចខាតតែប៉ុណ្ណោះ។ បន្ទាប់ពីមានគ្រោះថ្នាក់ គេឃើញនគរបាលព្រមទាំងអាជ្ញាធរ សង្កាត់ និងខណ្ឌទួលគោកក៏បានចុះទៅធ្វើចរាចរណ៍ ហើយ ក៏បានកាត់ដើមឈើយកចេញដើម្បីសម្រួលចរាចរណ៍ឡើងវិញ។ ជុំវិញគ្រោះថ្នាក់នេះ គេពុំដឹងថាខាងណា ជាអ្នកទទួលខុសត្រូវឡើយ។

គួរបញ្ជាក់នៅវេលាម៉ោងប្រមាណ៥រសៀល ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំង ចំកណ្តាលរាជធានីភ្នំពេញរួមទាំងមានខ្យល់បោកបក់យ៉ាងខ្លាំង។ ដោយសារតែ ដើមក្ងោកមួយដើមនោះ ពុកផុយ ឫសបណ្តាលរលើងទាំងជំហរតែម្តង។ នៅល្ងាចនោះ នៅតាមដងផ្លូវនានាក៏ត្រូវភ្លៀងជន់លិចផងដែរ។ ដោយឡែកដងផ្លូវនានានៅផ្សារព្រៃទា និងផ្សារឯករាជ្យ២ ក៏ត្រូវទឹកជន់លិចជាច្រើនម៉ោងផងដែរ៕ ដោយ ៖ ម៉េង ធា
