នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្រោយ​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​នៅ​តាម​ផ្លូវ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ ដៃ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តាំងពី​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ រហូត​ដល់​ភូមិសាស្ត្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើបត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ ដេញ​តាម​ចាប់ខ្លួន​បាន នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

Loading...

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុង​សង្កាត់ ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ហើយ​ក្រោយ​ពេល​ឆក់​បាន​សម្រេច​ជនសង្ស័យ​ខាងលើ នោះ​បាន​ព្យាយាម ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ដល់​ជិត​វត្ត​តាំង​កសាង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​បាន នគរបាល​ប៉ុស្តិ៍​នេះ​ចាប់​បាន​តែ​ម្តង​។ ជនសង្ស័យ​ខាងលើ​ម្នាក់​ឈ្មោះ យុន បញ្ញា ហៅ​ញ៉ អាយុ​១៩​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

រីឯ​ម្នាក់​ទៀត​ឈ្មោះ សាន សុវណ្ណ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែកឯ​ស្ត្រី​រង​គ្រោះ ឈ្មោះ ឈឿ​ន យ៉ុ​ម អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង តាម​ផ្លូវ​បេតុង​ខាងលើ​ដោយ​ដាក់ ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច កើតហេតុ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1IF-0566​។

តាម​ពីក្រោយ​ហើយ​ពេល​ទៅ​ដល់​ទន្ទឹម ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​បាន​សម្រេច​។ បន្ទាប់​មក​បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន​ចេញពី កន្លែង​កើតហេតុ​យ៉ាង​លឿន​សំដៅ​ចូល​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រង់​ចំណុច ជិត​វត្ត​តាំង​កសាង​ខាងត្បូង និង​តាំង​កសាង​ខាងជើង ស្ថិត​នៅ​ក្នុង​សង្កាត់​កា​កាប​ទី​២ ក៏​ត្រូវ​បាន​កម្លាំង នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ ពួនស្ទាក់​ចាប់​ក្របួច​បាន​ព្រមទាំង​ដកហូត​យក​ទូរស័ព្ទ​ប្រគល់​ទៅ​ឲ្យ ជន​រង​គ្រោះ​វិញ​។ បន្ទាប់​មក​បាន​នាំ​ជន​នេះ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា