រាជធានីភ្នំពេញ ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បាន និងកំពុងបើកស៊ើប សួរលើសំណុំរឿងអតីតតារាកប្លែងនាង ឃ្មឹប និងបក្ខពួកពាក់ព័ន្ធគ្រឿងញៀន ខណៈជនសង្ស័យត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌដូនពេញ បញ្ជូនទៅសាលាដំបូងកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ។ ជនសង្ស័យទាំងអស់៧នាក់ មាន ១.ឈ្មោះ រ៉េន សុធារី ហៅឃ្មឹម ភេទស្រី អាយុ៤៦ឆ្នាំ អតីតតារាកប្លែង បច្ចុប្បន្នគ្មានមុខរបរ និងអាសយដ្ឋានស្នាក់ពិតប្រាកដ។

២.ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងចាប់ខ្លួន (ជួញដូរគ្រឿងញៀន)។ ៤.ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)។ ៣.ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ(ប្រើប្រាស់គ្រឿងញៀន)។ ៥.ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)។ ៦.ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាដក (ប្រើប្រាស់គ្រឿងញៀន)។

និង៧.ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)។ សូមរំលឹកថា អតីតតារាកំប្លែង នាង ឃ្មឹប និងបក្ខពួកត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្បែររង្គសាលចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ពាក់ពន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ អតីតតារាកំប្លែងជើងចាស់ នាង ឃ្មឹប ដែលមានឈ្មោះ បោះសំឡេងគួរសមម្នាក់ តែបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងបក្ខពួកប្រុស.ស្រី ចំនួន៦នាក់ ស្ថិតក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ច ដែលក្នុងនោះរួមទាំងដកហូតថ្នាំញៀនចំនួន១៥កញ្ចប់ ជាវត្ថុតាង។
ប្រតិបត្តិការនោះដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ ដូនពេញ ក្រោមការចង្អុរបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងផងដែរ ។ ក្រោយពេលយុទ្ធការបង្ក្រាបត្រូវបានបញ្ចប់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី។ ប៉ុន្តែអ្វីដែលធ្វើមជ្ឈដ្ឋានហួសចិត្ត អតីតតារាកប្លែងគឺនាង ឃ្មឹប នេះនាងបានធ្លាក់ខ្លួនក្នុងក្រុមជនប្រព្រឹត្តបទល្មើសគ្រឿងញៀនទៅវិញ។
សូមរំលឹកថា នាង ឃ្មឹប អតីតជាប្រពន្ធនាង ហុង ដា ក្រោយមកអតីតប្តីប្រពន្ធមួយគូនេះបានចែកផ្លូវគ្នា ពេលនោះនាង ឃ្មឹប ក៏បានធ្លាក់ខ្លួនទៅឆ្ងាយពីអ្នកសីល្បៈ ទៅរស់នៅស៊ីឈ្នួលដាំដំឡូងឲ្យគេជាប់ព្រំប្រទល់ដែនកម្ពុជាថៃ។ ចំណែកនាយ ហុង ដា ក៏បានសាងជីវិតថ្មីចាប់យកគូស្រករថ្មីមួយទៀត ដែលនាងមានវ័យក្មេង និងបង្កើតបានជាចំណងដៃម្នាក់កូនស្រីម្នាក់។ អ្វីដែលគេបានដឹងឮគ្រប់គ្នានោះ ថ្ងៃមួយកូនប្រុសនាងឃ្មឹប មានឪពុកគឺនាយ ហុង ដា រួមជាមួយសង្សាបានធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធក្រោយរបស់ឪពុក ស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ចោលកូនទើបប្រសូត្របានប៉ុន្មានថ្ងៃខែនោះទៅ។
កូនប្រុសនាងឃ្មឹប ដែលជាឃាតករត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយមកត្រូវបានសាលក្រម ផ្តន្ទាទោសដាក់គុកអស់មួយជីវិត។ នាងឃ្មឹប ជាម្តាយពេលទទួលបានដំណឹងនេះ ក៏បានខ្ចីបុលលុយកាក់អ្នកដទៃ ជិះតាក់ស៊ីមកជួបមុខកូន នាពេលចុងក្រោយដែលចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនកូនប្រុស ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ នៅពេលសមត្ថកិច្ចដឹកកូនប្រុសឃាតកចេញពីសាលាដំបូងទៅកាន់ពន្ធនាគារ នាងឃ្មឹប ស្ទុះទៅឱបថើបកូនយំក្តុកក្តួល ដោយពោលពាក្យថា (នេះជាកម្មផលរបស់កូនបានសាង ដូច្នេះកូនត្រូវទទួល) ម៉ែមិនដឹងជួយកូនយ៉ាងម៉េចទេ។
បន្ទាប់ពីកូនចូលពន្ធនាគារហើយនោះ នាងឃ្មឹប បានចេញដំណើរទៅប្រកបមុខរបរនៅជាយដែនវិញ លុះក្រោយមកគេបានសង្កេតឃើញនាងឃ្មឹប លេចមុខក្នុងកញ្ចក់ទូរទស្សន៍ ចូលលេងសម្តែងសិល្បៈជាមួយក្រុមនាយជួង ជី ហៅនាយកុយ វិញ ប៉ុន្តែមិនបានប៉ុន្មានផងក៏បាត់មុខទៅទៀត ហើយស្រាប់តែចុងក្រោយនេះនាងឃ្មឹប ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ គ្រឿងញៀនប្រព្រឹត្តនៅរាជធានីភ្នំពេញ ជាមួយបក្ខពួក៦នាក់។ សំណុំរឿងនាងឃ្មឹប ពេលនេះស្ថិតក្នុងដំណាក់កាល តំណាងអយ្យការកំពុងបើកការស៊ើបសួរ តែទោះជាយ៉ាងណាជោគវាសនាតារាសិល្បៈរូបនេះ ទំនងមិនអាចគេចផុតពីការឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះទេ៕ ដោយ ៖ ឃឹម ប៊ុនណាក់