ម៉ូ​លី​កា និង​ស្វាមី​ផ្អែមល្ហែម​បែប​ឈុត​បុរាណ នា​ទេសភាព​បឹង​ឈូក​ពេល​ពពោះ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នៅ​ផលិតកម្ម​រ៉ុ​ក អ្នក​នាង ម៉ូ​លី​កា បាន​ចេញ​សន្លឹក​រូបថត​ស្ទីល​ពពោះ សារ​ជា​ថ្មី​ម្តងទៀត ដោយ​នាង និង​ស្វាមី បាន​តុបតែង​បែប​ឈុត​បុរាណ​ថត​នៅ​តាម​ទេសភាព​បឹង​ឈូក​។ នេះ​ជា​ឈុត​ទាក់ទាញ ហើយ​កាន់តែ​ធ្វើ​ឲ្យ​គេ​មើលឃើញ​ថា ថៅកែ​ហាង​ខូ​ស្មិ​ច​ទិច​រូប​នេះ ពិតជា​មាន​សេចក្តីសុខ បាន​ប្តី​ថ្នមចិត្ត​។

Loading...

ម៉ូ​លី​កា និង​ស្វាមី​លោក ហុង មា​នុ​ណ ហៅ​ឆា​នុ​ន បាន​ដឹក​ដៃ​គ្នា​ទៅ​ក្រេប​យក​រសជាតិ​ទេសភាព នៅ​ស្រុកស្រែ​តាម​រយៈ​ការ​គ្រង​ឈុត​បុរាណ​ដ៏​គូរ​ឲ្យ​ទាក់ទាញ​អម​ដោយ​ក្លិន​ដ៏​ក្រអូប​ឈ្ងុយ​ឈ្ងប់​ផ្កាឈូក​នៅ​បឹង​ព័ទ្ធ​ជុំវិញ​ដែល​នាង និង​ស្វាមី​បាន​ជ្រើស​យក​កន្លែង​ថតរូប​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក​។

ស្វាមី​របស់​ម៉ូ​លី​កា បាន​បង្ហាញ​កាយវិការ​ថ្នាក់ថ្នម​នាង​យ៉ាង​ខ្លាំង​ពិសេស​នៅ​ពេល​ដែល​ម្ចាស់ជីវិត​របស់​លោក​ត្រៀម​សម្រាលកូន​លើក​ដំបូង​នៅ​អំឡុង​ចុងខែ​មិថុនា ឬ​កក្កដា ខាង​មុខ​នេះ​ហើយ​។ ម៉ូ​លី​កា ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​កូនស្រី​របស់​នាង មុន​សម្រាល​ថា នុ​ន ចន្ទ​ម៉ូ​នី​តា ជាមួយ​ការ​វាចា​ថា ៖ ស្រលាញ់​ទេសភាព​ស្រុកស្រែ​ណាស់ ឡើង​ស្រស់ស្រាយ​តែ​ម្ដង Mummy &Daddy នាំ​កូន​ម៉ូ​នី​តា មក​ប្ដូរ​បរិយាកាស​ម្ដង​។

ដោយឡែក​លោកមា​នុ​ណ ជា​ស្វាមី​របស់​នាង​វិញ​បង្ហាញ​កាយវិការ​តក់ក្រហល់​ចង់​ឃើញ​មុខ​កូនស្រី​របស់​លោក​យ៉ាង​អន្ទះសារ ដោយ​ជា​ញឹកញាប់​លោក​បាន​ឱប​ថើប​ផ្ទៃពោះ​ភរិយា​ក៏​ដូច​បាន​ឱប​ថើប​ថ្ពាល់​កូនស្រី​ដែរ​។

តាម​រយៈ​រូបភាព​ទាំងនេះ បញ្ជាក់​ថា ម៉ូ​លី​កា កំពុង​មាន​ក្ដី​សុខ​ខ្លាំង​ណាស់ ព្រោះ​នាង​បាន​សម្រេច​បំណង​ពពោះ​កូន​ដំបូង​ជា​កូនស្រី ដែល​នាង​តែងតែ​ប្រាថ្នា​ចង់បាន ហើយ​ស្វាមី​របស់​នាង​តែងតែ​នៅ​ក្បែរ​កាយ​នាង​នៅ​ពេល​ដែល​មនុស្ស​ស្រី ទាំងឡាយ​ត្រូវការ​ចាំបាច់​បំផុត​ពី​ភាព​កក់ក្ដៅ​ពី​ប្ដី​នៅ​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល​នេះ​។

នៅ​មិន​ដល់​២​ខែ​ទៀត​ទេ​ម៉ូ​លី​កា នឹង​បានឃើញ​មុខ​កូនស្រី​របស់​នាង​ហើយ​គេ​ជឿ​ថា​គូស្នេហ៍​តារា​១​គូ​នេះ នឹង​កាន់តែ​មាន​សុភមង្គល​ថែម​មួយ​កម្រិត​ទៀត​ជា​មិន​ខាន​ឡើយ​ក្រោយ​ពេល​ពួក​គេ​ទទួល​បាន​កាដូ​មិន​អាច​កាត់ថ្លៃ​បាន​នៅ​ឆ្នាំ​២០២០​នេះ​៕ ដោយ ៖ ខាត់ សា​មឿ​ន