រាជធានីភ្នំពេញ ៖ ថ្វីត្បិតតែកម្ពុជាជាប្រទេសកសិកម្មក៏ពិតមែន ប៉ុន្តែផលិតផលកសិកម្មរបស់កម្ពុជា មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយ ពោលគឺនៅតែបន្តនាំចូលពីប្រទេសជិតខាងមកបំពេញតម្រូវការ ជាក់ស្ដែងក្នុងមួយឆ្នាំកម្ពុជាត្រូវនាំចូលសត្វជ្រូក មាន់ទា គោក្របី និងបន្លែគិតជាទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ បើតាមលោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា គ្រាន់តែជ្រូកមួយមុខប៉ុណ្ណោះ កម្ពុជាត្រូវចំណាយប្រាក់ប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីនាំចូលពីប្រទេសជិតខាងមកផ្គត់ផ្គង់ក្នុងស្រុក ខណៈពលរដ្ឋក្នុងស្រុកសុទ្ធតែមានសមត្ថភាព ក្នុងការចិញ្ចឹម និងផ្គត់ផ្គង់បានដោយខ្លួនឯង។
ក្រៅពីជ្រូកកម្ពុជាក៏បាននាំចូលមាន់ទាគោក្របី និងបន្លែផងនោះ មានទឹកប្រាក់ប្រមាណជាង៩០០លានដុល្លារអាមេរិក គឺជិត១ពាន់លានដុល្លារអាមេរិក។ លោកបន្តថា បើសិនជាយើងឈប់នាំចូលហើយងាកមកដាំដុះ និងចិញ្ចឹមក្នុងស្រុកលក់ក្នុងស្រុក លុយទាំង១ពាន់លាន ដុល្លារអាមេរិកនោះ នឹងអាចឲ្យពលរដ្ឋកម្ពុជារស់ស្រួល ហើយពលរដ្ឋក៏មិនចាំបាច់ធ្វើចំណាកស្រុក ទៅក្រៅប្រទេសដែរ ជាក់ស្ដែងពលរដ្ឋដែលទើបចំណាកស្រុកពីប្រទេសថៃកាលពីជាងមួយខែមុននេះ បើអាចគួរតែដាំដុះបន្លែ ចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ខណៈកម្ពុជាកំពុងតែមានតម្រូវការខ្ពស់ ដោយសារតែការរឹតបន្តឹងព្រំដែននៃប្រទេសជិតខាង។
លោកឡាវីល ក៏បានស្នើដល់អ្នកនាំចូល បង្វែរថវិកាដែលខ្លួនបម្រុងនាំចូលពីប្រទេសជិតខាង មកវិនិយោគចិញ្ចឹម និងដាំដុះក្នុងស្រុកវិញ បើសិនជាពួកគាត់មានឆន្ទៈការជួយពលរដ្ឋក្នុងស្រុកពិតប្រាកដមែនពីព្រោះថាឱកាសនៃការលក់ផលិតផលក្នុងស្រុកគឺពិតជាធំណាស់សម្រាប់ពេលនេះ និងនៅពេលអនាគត។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋដាំដុះបន្លែបង្ការ ក្នុងផ្គត់ផ្គង់ក្នុងស្រុក នៅតាមសណ្ឋាគារ ភោជនីយដ្ឋានដោយកាត់បន្ថយការនាំចូលពីប្រទេសខាងក្រៅ ដើម្បីឲ្យពលរដ្ឋមានប្រាក់ ចំណូលកាន់តែច្រើន ជាពិសេសនោះ គឺលើកស្ទួយដល់ការនាំចេញនៅនឹងកន្លែង ដែលសំដៅទៅលើការផ្គត់ផ្គង់ ទៅក្នុងវិស័យទេសចរណ៍៕ ដោយ ៖ សុវណ្ណ ណែត