ជាង​ប្រាំ​លាន​នាក់ ឆ្លង​កូ​វី​ដ​-១៩​ទូ​ទាំង​ពិភពលោក

កូ​វី​ដ​-១៩ ៖ ចំនួន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ បាន​ឡើង​ដល់​ជាង​៥​លាន​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី អង្គការ​សុខភាព​ពិភពលោក​បាន​ចុះបញ្ជី​ចំនួន​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​នៃ​Covid-19 ករណី​ថ្មី​។ អង្គការ​សុខភាព ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ករណី​វីរុស​ជាង ១០៦.០០០ ករណី​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ចំនួន​ច្រើន បំផុត​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​ចាប់តាំងពី​វីរុស​ត្រូវ​បាន​រក​ឃើញ​ដំបូង នៅ​ក្នុង​ទីក្រុង​វូ​ហាន របស់​ប្រទេស​ចិន​កាលពី​ខែធ្នូ​។

ចំនួន​អ្នក​ស្លាប់​នៅ​លើ​ពិភពលោក​បាន​កើនឡើង​ដល់ ៣៣០.០០០ នាក់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សាកលវិទ្យាល័យ Johns Hopkins​។ ប៉ុន្តែ​ប្រទេស​អ្នកមាន​ជា​ច្រើន បាន​ចាប់ផ្តើម​បើក​ប្រទេស​របស់​ពួក​គេ​វិញ បន្ទាប់​ពី​ស្ថានការណ៍​ក្នុង​ប្រទេស​របស់​ខ្លួន​បាន​ធូរស្រាល​។ ទោះជា​យ៉ាងណា​ក្តី ពិភពលោក​ទាំងមូល​នៅ​តែ​មានការ​គំរាមកំហែង​ខ្លាំង​ដោយ​ដោយសារ​កូ​វី​ដ​-១៩​។ វា​ទាមទារ​ឲ្យ​កម្ពុជា និង​ប្រទេស​នានា​លើ​ពិភពលោក​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​៕ ដោយ ៖ សហការី