មហាជន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត រក​អ្នក​វិនិយោគ​រៀបចំ​ឆ្នេរទន្លេ​វ៉ៃ​គោ

ខេត្តស្វាយរៀង ៖ មហាជន​ជា​ច្រើន​ដែល​មក​កម្សាន្ត​នៅ​តាម​ឆ្នេ​នៃ​ព្រែក​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង បាន​បញ្ចេញមតិ និង​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្តស្វាយរៀង ឲ្យ​រក​អ្នក​វិនិយោគ ឬ​ក៏​ជំរុញ​ឲ្យ​មន្ទីរ ទេសចរណ៍​ខេត្ត រៀបចំ​ឆ្នេរ​ព្រែក​ទន្លេ​វ៉ៃ​គោ ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​សម្រាប់ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ជាតិ​អន្តរជាតិ​បាន​មក​លេង​កម្សាន្ត​ឆ្នេរ​ដ៏​ស្រស់​ត្រកាល​នេះ​។ ខេត្តស្វាយរៀង ជា​ខេត្ត​មួយ​មិនសូវ​សំបូរ​ព្រៃឈើ និង​ស្ទឹង​ទន្លេ​នោះ​ទេ ហើយ​ក៏​ពុំ​មាន​តំបន់​ទេសចរណ៍​ដែរ ទោះបី​ខេត្ត​មួយ​នេះ​មាន ប្រាសាទ​បែកបាក់​បន្សល់​ទុក​ពី​បូរាណ​ក៏​ដោយ​។

Loading...

ខេត្តស្វាយរៀង​មាន​រមណីយដ្ឋាន ព្រៃ​បា​សាក់ ដែល​ជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​មាន​ព្រៃឈើ​ធម្មជាតិ ដុះ​ជុំវិញ​ប្រាសាទព្រៃ​បា​សាក់​នៅ​ជាប់មាត់​ព្រែក​ទន្លេ​វ៉ៃ​គោ​ស្ថិត​នៅ​ទិស​ខាងត្បូង​នៃ​ក្រុង​ស្វាយ​រៀង​មាន​ចម្ងាយ​១៥​គីឡូម៉ែត្រ មាន​ផ្លូវ​ក្រាល​កៅស៊ូ​ស្ថិត​ក្នុង​ឃុំ​ប្រា​សាក់ ស្រុក​ស្វាយ​ជ្រំ​។ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ សម្អាត​ខឿន​ប្រសាទ​បូរាណ និង​ទី​សក្ការៈបូជា ព្រះ​ពុទ្ធរូប ព្រះ​បញ្ច​គី រោង​បុណ្យ និង​មាន​ភោជនីយដ្ឋាន គួរ​ជាទី​មនោ​រម្យ មាន​ខ្យល់​ត្រជាក់​គួរ​ឲ្យ​ចង់​អង្គុយ​កម្សាន្ត​។

ចំណែក​ឆ្នេរ​ព្រែក​ទន្លេ​វ៉ៃ​គោ ដ៏​ស្រស់​ត្រកាល​នេះ គឺ​ទើបតែ​បង្អួត​កាយ​នៅ​ក្រោយ​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ថ្ងៃ​១៨ មេ​សា ២០២០ នៃ​សម​យ័​កូ​វី​ដ​-១៩ មហាជន​ដាក់ខ្លួន​នៅ​តាម​ផ្ទះ ហើយដោយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រយុទ្ធ​ប្រឆាំង និង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ បាន​ជោគជ័យ គ្មាន​អ្នក​ឆ្លង​ថ្មី មហាជន បាន​នាំ​គ្នា​ដើរ​កម្សាន្ត​ជា លក្ខណៈ​គ្រួសារ តាម​ឆ្នេ​ព្រែក​ទន្លេ​វ៉ៃ​គោ មុន​ដំបូង​គឺ​ទៅ​កម្សាន្ត​ផង រក​នេសាទ​ត្រី​ផង គ្រួសារ​ខ្លះ រាវ​លៀស រាវ​គ្រំ ខ្លះ​អូស​អួន​យក​ត្រី​មក​អាំង បរិភោគ អាំង​គ្រំ ហាល​លៀស ក្លែមស្រា​បៀរ ក្រោម​ម្លប់​រំចាក ក្រោម​ម្លប់​ត្នោត​យ៉ាង​សប្បាយ​រីករាយ ខ្លះ​ឈ្លៀត​ថតរូប​ភាព​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មនុស្ស​ម្នា ឃើញ​នាំ​គ្នា​មក​កម្សាន្ត ហើយ​ពេញចិត្ត​ឆ្នេរ​ព្រែក​ទន្លេ​វ៉ៃ​គោ​ដ៏​ស្រស់​ត្រកាល មាន​ខ្យល់​បរិសុទ្ធ​បក់​មក​ត្រជាក់ ជា​ពិសេស​ចាប់ពី​ម៉ោង​៥​ល្ងាច រហូត​ដល់​ពេល​រាត្រី ខ្លះ​អង្គុយ​មើល​ព្រះអាទិត្យ​រៀប​លិច ខ្លះ​ក៏​នៅ​ដល់​យប់​ជ្រៅ​អង្គុយ​មើល​ទេសភាព​ពេល​រាត្រី និង​មើល​ភ្លើង​មាត់​ព្រែក​ក្នុង​ក្រុង និង​អ្នក​លក់ដូរ​ដាក់​បំភ្លឺ​។

បច្ចុប្បន្ន​ឆ្នេរ​ព្រែក​ទន្លេ​វ៉ៃ​គោ គឺ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ត្រកាល​នៅ​ក្នុងភូមិ​បាក់​រនាស់ និង​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។ ក៏​ប៉ុន្តែ​មហាជន​មានការ​ព្រួយបារម្ភ​ខ្លាច​ត្រូវ​បាត់បង់​ទៅ​វិញ នៅ​រដូវវស្សា​ខាង​មុខ​នេះ ដោយ​ទន្លេ​វ៉ៃ​គោ អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ទ្វារ​បង្ហៀរទឹក និង​ទប់​ស្តុក​ទឹក​ទុក​ក្នុង​អាង​នៃ​ព្រែក​ទន្លេ​វ៉ៃ​គោ មានទឹក​ពេញ​អាង​ខួបប្រាំងខួបវស្សា​។ ទើបតែ​ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​បង្ហូរទឹក រៀបចំ​អភិវឌ្ឍន៍ ច្រាំង​ទន្លេ​វ៉ៃ​គោ និង​ដោយ​មាន​ភាពរាំងស្ងួត​ផង​ទើប​មាន​ឆ្នេរ​ដ៏​ស្រស់​ត្រកាល​នេះ​បង្អួត​កាយ​ឡើង​។

ទើប​មហាជន​មិន​ចង់​ឲ្យ​បាត់​ឆ្នេរ​ដ៏​ស្រស់​ត្រកាល​នេះ​ទៅ​វិញ ម្យ៉ាង ខេត្តស្វាយរៀង​ពុំដែល​មាន ឆ្នេរ​រមណី​ដ្ឋា​ន សម្រាប់​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ទេ មាន​តែ​ឆ្នេរ​ព្រែក​ទន្លេ​វ៉ៃ​គោ​នេះ​នៅ​ក្រុង​ស្វាយ​រៀង ជា​ឆ្នេរ​ទឹកសាប​ដែល​មហាជន​ខេត្តស្វាយរៀង ហៅ​ថា​ឆ្នេរសមុទ្រ​រាម​ស្វាយ​រៀង​។ មហាជន​សំណូមពរ ដល់​អាជ្ញាធរ​ខេត្ត​ជា​ពិសេស​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​មេត្តា​ជួយ​គាំទ្រ​រៀបចំ អភិរក្ស​ឆ្នេរ​ព្រែក​ទន្លេ​វ៉ៃ​គោ ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​ខេត្តស្វាយរៀង​បាន​មក​កម្សាន្ត និង​មានមុខ​របរ​ផ្គត់ផ្គង់​ជីវភាព​បាន​ប្រសើរ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន