ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន២០នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក និងខេត្តសហការគ្នា ធ្វើការចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដោយចោទប្រកាន់ពីបទប្រើប្រាស់ រក្សាទុក និងចែកចាយថ្នាំញៀន ដែលបានប្រព្រឹត្តឡើង ក្នុងស្រុកសាមគ្គីមានជ័យ។ លោក សេង ចាន់ណា អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងថា មុនពេលមានការចាប់ខ្លួនជនសង្ស័យចំនួនច្រើនបែបនេះ ពីដំបូងឡើងគឺចាប់តាមដីការបស់តុលាការ ដែលឲ្យមន្ត្រីនគរបាលធ្វើការចាប់ខ្លួនមនុស្សចំនួន២នាក់ គឺទី១ឈ្មោះ អ៊ីត និងទី២ឈ្មោះ ទួន ភេន។
ប៉ុន្តែក្រោយការចាប់ឃាត់ខ្លួន សមត្ថកិច្ចបានឆែកឃើញមានគ្រឿនញៀន ទើបបន្តនីតិវិធី ឈានដល់ការចាប់ខ្លួនជនសង្ស័យរហូតដល់ទៅ២០នាក់បែបនេះ។ ជនសង្ស័យទាំង២០នាក់ បានពាក់ព័ន្ធដល់ការចែកចាយ រក្សាទុក និងប្រើប្រាស់សាធាតុញៀន។ ចំពោះវត្ថុតាងដែលដកហូតបានមាន ថ្នាំញៀនចំនួន៣កញ្ចប់ធំ ម៉ូតូ១៣គ្រឿង ទូរសព្ទ័ដៃ និងសម្ភារមួយចំនួនទៀត។
លោកអធិការនគរបាល ស្រុកសាមគ្គីមានជ័យ បានបន្ថែមថា ជុំវិញការចាប់ខ្លួនជនសង្ស័យទាំង២០នាក់ គឺដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ ចំណែកជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនិតិវិធីបន្តទៀត៕ ដោយ ៖ ពៅ សុខហ៊ាន