រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក ម៊ែសឺដែស ស៊េរីឆ្នាំ២០១៨ ថ្មីសន្លាងមួយគ្រឿង បានបែកភ្លើង ស្តុបម្ខាង និងឆ្កូតផ្នែកខាងក្រោយអស់មួយចំនួនទៀតរងការខូចខាតយ៉ាងដំណំផងដែរ។ ខណៈដែលបុរសជនជាតិចិនម្នាក់កំពុងតែបើកបរហើយភ្លើងស្តុបលោតក្រហម និងជាន់ហ្វ្រាំងឈប់ស្តុប ក៏ត្រូវបុរសម្នាក់បើកម៉ូតូរ៉ឺម៉កដឹកផ្លែដូងដើរលក់មួយគ្រឿងបើកដោយខ្វះការប្រុងប្រយ័ត្នមកបុកពីក្រោយ ហើយគេទារសំណងចំនួន៥ពាន់ដុល្លារ បុរសលក់ផ្លែដូងសំពះអង្វរសុំត្រឹមតែចំនួន ១ពាន់ដុល្លារ បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុនោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពី វេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុបស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីនគរបាលប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តស៊េរីទំនើបម៉ាក ម៊ែសឺដែស ព៌ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AX-០៧៧៧ មួយគ្រឿង ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវព្រះសុធារស ក្នុងទិសដៅ ពីជើងទៅត្បូងរួមជាមួយនឹងយានយន្តជាច្រើនទៀតផងដែរ។

លុះមកដល់ចំណុចកើតហេតុ ភ្លើងស្តុបក៏ឡើងព៌ណក្រហម ហើយបុរសជនជាតិចិនជាអ្នកបើកបរក៏ជាន់ហ្វ្រាំងឈប់ ក៏ស្រាប់តែមានម៉ូតូរ៉ឺមកដឹកដូងមួយគ្រឿង បើកមមកពីក្រោយស្របទិសគ្នា ជាន់ហ្វ្រាំងមិនទាន់ក៏បុក ចំពីក្រោយ បណ្តាលឲ្យបែកស្តុបម្ខាង និងឆ្កូតផ្នែកខាងក្រោយអស់មួយចំនួន ទៀតផងដែរ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទន្លេបាសាក់ ក៏បានចុះមកដល់ធ្វើការគូសវាស់យករថយន្តស៊េរីទំនើបម៉ាក ម៉ែសឺដែស និងម៉ូតូរ៉ឺម៉កដឹកដូង ទៅដាក់លើចិញ្ចើមផ្លូវធ្វើការនិយាយដោះស្រាយគ្នា ។

ដោយភាគីខាងបុរសជនជាតិចិន ទាមទារសំណងថ្លៃខូចខាតចំនួន៥ពាន់ដុល្លារ តែភាគីខាង បុរសជាអ្នកលក់ដូងមិនមានលទ្ធភាព សងឡើយ។ ក្រោយពីធ្វើការនិយាយដោះស្រាយគ្នា បុរសជាអ្នកលក់ដូង សំពះអង្វរអស់រយៈពេល ជិតមួយម៉ោង ដោយខ្លួនមានលទ្ធភាពត្រឹមចំនួន១ពាន់ដុល្លារទៅឲ្យភាគីខាងរថយន្តម៉ាកម៊ែសឺដែស ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ ៖ ភី ផល



