គួរពិចារណា ៖ អ្នកធ្លាប់គិតទេថា ហេតុអ្វីបានជាអ្នកយកលុយទៅដាក់ធនាគារ? នោះមកពីអ្នកទុកចិត្តធនាគារ។ រឿងនេះមិនអាចកើតមានឡើយនៅកម្ពុជា កាលពីពេលបន្ទាប់ពីការរៀបចំការបោះឆ្នោត រៀបចំដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣។ សេចក្តីទុកចិត្តគឺជាសម្បត្តិដ៏មានតម្លៃសម្រាប់មនុស្ស ក៏ដូចជាសម្រាប់ធុរកិច្ចផងដែរ។ មនុស្សម្នាក់ដែលគេអាចទុកចិត្តបាន មនុស្សនោះនឹងងាយទទួលបានការងារ ឬកគម្រោងដែលនឹងអាចឲ្យ គេរកលុយបាន។
ប៉ុន្តែបើសិនជាមនុស្សម្នាក់ ឬក៏ក្រុមហ៊ុនមួយធ្វើឲ្យគេលែងទុកចិត្តនោះ បុគ្គលនោះ ឬក៏ក្រុមហ៊ុននោះ នឹងឈានដល់ទីបញ្ចប់ការងារ និងធុរកិច្ចមួយ។ នៅក្នុងសៀវភៅដែលមានចំណងជើង « អំណាចនៃសេចក្តីទុកចិត្ត» បាននិយាយថា សេចក្តីទុកចិត្តដែលអតិថិជន ឬដៃគូមានចំពោះក្រុមហ៊ុនមួយ នឹងកំណត់ថា តើក្រុមហ៊ុននោះនឹងរីកចម្រើនទៅមុខ ឬក៏នឹងដាច់ខ្យល់។ ដូច្នេះ វាចាំបាច់ណាស់ដែលយើងត្រូវ តែប្រឹងបង្កើតសេចក្តីទុកចិត្ត ហើយរក្សាសេចក្តីទុកចិត្តនោះឲ្យនៅគង់វង្សរហូត បើសិនជាយើងចង់ជោគជ័យ នៅក្នុងទំនាក់ទំនង ឬក៏មុខរបររបស់យើង។
ដូច្នេះ តើត្រូវធ្វើដូចម្តេចដើម្បីបង្កើតសេចក្តីទុកចិត្ត និងថែរក្សាសេចក្តីទុកចិត្តនោះ? រឿងសំខាន់មួយគឺអ្នកត្រូវស្មោះត្រង់ ហើយគោរពពាក្យសន្យារបស់អ្នក គ្រប់ពេលវេលា។ បើសិនជាអ្នកអាចគោរពបានរាល់ការសន្យានោះ អតិថិជន ឬក៏ដៃគូរយល់ថា អ្នកអាចទុកចិត្តបានហើយ នឹងមិនងាយបោះបង់អ្នកទៅរកដៃគូផ្សេងឡើយ។ ចុងក្រោយបំផុតដែលយើងត្រូវចាំ គឺមានសេចក្តីទុកចិត្តគឺមានសេចក្តីសង្ឃឹមសម្រាប់អនាគតធុរកិច្ច និងទំនាក់ទំនង។ ខេ្ទចសេចក្តីទុកចិត្ត គឺខេ្ទចឱកាសទំនាក់ទំនង ខ្ទេចឱកាសការងារ និងខ្តេចឱកាសរកស៊ី៕ ដោយ ៖ ប្រេវីន