រាជធានីភ្នំពេញ ៖ ថ្មីៗនេះកម្ពុជាបានរកឃើញនូវករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ករណីថ្មី លើបុរសជនជាតិខ្មែរ មកពីប្រទេសហ្វីលីពីន និងនារីខ្មែរមកពីសហរដ្ឋអាមេរិក ដែលអ្នកជំងឺទាំងពីរកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ។ ការរកឃើញករណី២ថ្មីបន្ថែមនេះ គឺតែប៉ុន្មានថ្ងៃក្រោយពីកម្ពុជា បានព្យាបាល ជាសះស្បើយនូវអ្នកជំងឺកូវីដ-១៩សរុប១២២ករណី ។

យ៉ាងណាមិញថ្នាក់ដឹកនាំក្រសួងសុខាភិបាលនៅតែបន្ត អំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ តោងកុំមានការធ្វេសប្រហែសឡើង ព្រោះថាយើងអាចភ្លេចកូវីដ-១៩ តែវីរុសឆ្លងមួយនេះគឺមិនភ្លេចយើងនោះទេ។ យ៉ាងណាមិញមានការចោទជាសំណួរ ក៏ដូចជាចម្ងល់ថា ការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២ករណី លើបុរសខ្មែរ មកពីហ្វីលីពីន និងនារីខ្មែរមកពីសហរដ្ឋអាមេរិកគឺ ជាការវាយប្រហាររលកទី២ នៃវីរុសកូវីដ-១៩នៅកម្ពុជា ឬយ៉ាងណា ?

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថា ថ្មីនាថ្ងៃទី២៦ ឧសភានេះថា «ខ្ញុំសូមជម្រាបជូនថា ករណីដែលយើងរកឃើញពីរនាក់ ដែលម្នាក់ជាបុរសមកពីប្រទេសហ្វីលីពីន និងម្នាក់ទៀតជាស្ត្រី មកពីសហរដ្ឋអាមេរិកនេះ មិនមែនជារលកទី២ទេ គឺជាករណីនាំចូល»។ រហូតមកដល់ថ្ងៃនេះ គិតត្រឹមព្រឹកថ្ងៃទី២៦ ឧសភានេះ គឺកម្ពុជាមានករណីកូវីដ-១៩ គឺ១២៤ករណី ដែលក្នុងនោះ ១២២នាក់ បានទទួលការព្យាបាល ជាសះស្បើយ។

យោងតាមការចេញផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងចេញចុះថ្ងៃទី២៦ ឧសភា បានលើកឡើងថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នឲ្យបានខ្ពស់ ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ។ ប្រភពដដែលបានបញ្ជាក់ថា « យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល»។ សូមបញ្ជាក់ថា ប្រទេសរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ លើជនជាតិចិន នៅខេត្តព្រះសីហនុ។ គិតមកដល់ថ្ងៃទី២៦ ឧសភា ក្រសួងសុខាភិបាលបានធ្វើតេស្តសំណាកចំនួន ១៨ ៣៩២ សំណាក ស្មើនឹង ១១០៧នាក់ ក្នុង១លាននាក់។ នេះបើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៕ ដោយ ៖ ពៅ រក្សា