សហគមន៍​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ លក្ខណៈ​បច្ចេកទេស​នៅ​ស្រុក​រមាស​ហែក

ខេត្តស្វាយរៀង ៖ សហគមន៍​ត្រពាំង​ពិការ​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ​តាម​បែប​បច្ចេកទេស​នៅ​ព្រៃ​ធម្មជាតិ ទទួលផល​បាន​ល្អ ប្រសើរ​ចង់បាន​ដើមទុន​ពង្រីក​ធុង​ចិញ្ចឹម​ឃ្មុំ​បែប​ធម្មជាតិ​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ និង​សហគមន៍​។ កន្លែង​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ​តាម​បែប​បច្ចេកទេស​នេះ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​អំ​ពឹ​ល ស្រុក​រមាស​ហែក​។ បើ​តាម​លោក ទូច ស្រី អាយុ​៤០​ឆ្នាំ ជា​ប្រធាន​សហគមន៍​ចិញ្ចឹម​ឃ្មុំ ព្រៃ​ធម្មជាតិ​ត្រពាំង​ពិការ​បាន​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹម​ឃ្មុំ​នេះ​គឺ​ចាប់ផ្តើម​ពី​ខែធ្នូ ឆ្នាំ​២០១៩ មក​ដល់​ខែឧសភា ២០២០​នេះ គឺ​០៦​ខែ​ហើយ​។

Loading...

ពូជ​ឃ្មុំ​នេះ​គឺជា​ពូជ​ឃ្មុំ​អ៊ី​តា​លី ដែល​មានការ​គាំទ្រ និង​ផ្តល់​ពូជ​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក្នុង​គម្រោង​កម្មវិធី​អាប់​ស្បាយ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ផ្តល់​ពូជ​ឃ្មុំ​ចំនួន​២៣​ធុង ក្នុង​១​ធុង មាន​ឃ្មុំ​ចំនួន​១​ម៉ឺន​ក្បាល គិត​ជា​ទឹកប្រាក់​សរុប​ជាង​៧,០០០​ដុល្លារ​។ លោក ទូច ស្រី បន្ត​ទៀត​ថា ការ​ចិញ្ចឹម​ឃ្មុំ​ធម្មជាតិ រយៈពេល​១៥​ថ្ងៃ​ប្រមូល​ផល​ម្តង​២៣​ធុង យក​ទឹកឃ្មុំ​បាន​៤៥​លី​ត្រ​ក្នុង​១​ខែ យក​ទឹកឃ្មុំ​បាន​៩០​លី​ត្រ ហើយ​ទឹកឃ្មុំ​០១​លី​ត្រ តម្លៃ​៨​ម៉ឺន​រៀល ឬ​១​ដប​កន្លះ​លី​ត្រ តម្លៃ​៤​ម៉ឺន​រៀល​។

ថវិកា​ដែល​បាន​មក​ពី​ការ​លក់​ទឹកឃ្មុំ​នេះ​គឺ​សម្រាប់​ឧបត្ថម្ភ​គណៈកម្មការ​ដើរ​ល្បាត​ថែរក្សា​ព្រៃឈើ​។ គណៈកម្មការ​ព្រៃឈើ មាន​ចំនួន​០៩​នាក់ ស្រី​១​នាក់ ជា​គណនេយ្យ ហើយ​សហគមន៍​ពុំ​ទាន់​មាន​ថវិកា គាំទ្រ ឬ​ឧបត្ថម្ភ​ទេ​គឺ​ធ្វើការ​ដោយ​ស្ម​គ្រ័​ចិត្ត​។ ប្រភព​បន្ត​ទៀត​ថា ព្រៃឈើ​ធម្មជាតិ មាន​ដើមឈើ​ចម្រុះ​លើ​ផ្ទៃដី សរុប​៤៤៤​ហិ​កតា និង​មា​នវ​ល្លិ៍ និង​រុក្ខជាតិ​ចម្រុះ​ផ្កា​ផ្លែ ប្តូរ​គ្នា​តាម​រដូវ​ខួបប្រាំងខួបវស្សា​។ បើ​តាម​លោក គង់ សុខ ជំទប់​ទី​១ ឃុំ​អំ​ពឹ​ល បាន​ឲ្យ​ដឹង​ថា សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ គឺ​បម្រើ​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ ភូមិ​ត្រពាំង​ពិការ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៣៨៥​គ្រួសារ មនុស្ស​សរុប​១,៤៦៤​នាក់ ស្រី​៧៤៨​នាក់​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន