ខេត្តបន្ទាយមានជ័យ ៖ ប្រភពព័ត៌មានបានឲ្យដឹងថា លោកមេឃុំបត់ត្រង់ និងដៃគូរកស៊ីរបស់ខ្លួនបាន និងកំពុងចាក់ដីបំពេញ យកដីទំនាបមាត់ស្ទឹងមង្គលបូរី និងអូរជាប់តំបន់អភិរក្សត្រីវត្តអន្លង់ថ្ងាន់ជារបស់រដ្ឋ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើផ្សារ និងជួលដីឲ្យអាជីវករត្រៀមលក់ដូររកស៊ី។ ប្រជាពលរដ្ឋរស់នៅ ភូមិអន្លង់ថ្ងាន់បានប្រាប់ទៀតថា៖ ដីរដ្ឋទំនាបស្ទឹង និងអូរ(ដៃស្ទឹង) ជាប់តំបន់អភិរក្សាត្រីវត្តអន្លង់ថ្ងាន់ ហើយនិងស្ពានអន្លង់ថ្ងាន់នោះមានទំហំប្រមាណជាង២.០០០ម៉ែត្រការ៉េ ត្រូវបានលោក សៃ ឡៅ មេឃុំបត់ត្រង់ និងដៃគូរកស៊ី របស់លោកចាក់ដីបំពេញយក។

ហើយធ្វើផ្សារ និងអង្កន់ដីល្វែងរាប់សិបប្លង់លក់ ឬជួលឲ្យអាជីវករ និងពលរដ្ឋ។ ពលរដ្ឋបានបន្តថា ៖ ទាំងនោះជាដីស្ទឹង បឹងបួរ អូរធម្មជាតិរបស់រដ្ឋ មិនមែនរបស់ភូមិ ឃុំ និងរបស់ឯកជនណាម្នាក់នោះទេ ហើយមិនអាចចាត់ចែងលក់ដូរ ស្រេចនឹងអំពើចិត្តឡើយ។ លោក ឃុំ ដា ជាដៃគូរកស៊ីរបស់លោកមេឃុំ សៃ ឡៅ បានប្រាប់ថា៖ ដីមានទំហំជាង២រ៉ៃនោះពីដើមឡើយ ជាដីផ្លូវទឹក ដីទំនាបស្ទឹង អូរ តែឃុំគ្រប់គ្រង ហើយពេលនេះ ឃុំ និងលោកបានធ្វើដៃគូរកស៊ី ដោយបានចាក់ដីអស់រយៈពេល១ខែមកហើយ។

គឺចាក់ដីធ្វើគម្រោងផ្សារសហគមន៍របស់ឃុំជំនួសផ្សារ ឬផ្ទះតៀមនៅតាមដងផ្លូវ ខេត្ត ដែលចង្អៀត និងរងការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ ផ្សារនេះបានសង់រោងកណ្តាលដំបូល ទំហំ១២ម៉ែត្រ គុណនឹង២០ម៉ែត្រ និងដីល្វែងជុំវិញជាច្រើនឡូត៍សម្រាប់ជួលក្នុងកុងត្រា៣០ឆ្នាំ។ គឺមានឡូត៍តូចទំហំ៤ម៉ែត្រ គុណនឹង១០ម៉ែត្រ ជួលតម្លៃ១.៤០០ដុល្លាក្នុង១ឆ្នាំ។ ដីឡូត៍ធំទំហំ១០ម៉ែត្រ គុណនឹង១០ម៉ែត្រ តម្លៃ៣.២០០ដុល្លារក្នុង១ឆ្នាំ។ ហើយមកទល់ពេលនេះបានបញ្ចេញអស់ហើយ ។ ចំណែកលោក សៃ ឡៅ មេឃុំបត់ត្រង់ប្រាប់ថា ៖ គម្រោងផ្សារសហគមន៍ របស់ឃុំនេះ ទទួលបានការឯកភាពពីអាជ្ញារស្រុក ហើយធ្វើលើដីបម្រុងរបស់ឃុំដែលត្រូវចុះកិច្ចសន្យា និងអាជីវករ ឬពលរដ្ឋ លក់ដូររយៈពេល៣០ឆ្នាំ សម្រាប់អ្នកជួល ឬទិញដីឡូត៍តូច និងដីឡូត៍ធំ។

លោក សៃ ឡៅ បន្តថា៖ ដីជម្រៅជាប់មាត់ស្ទឹង និងអូរ ក្បែរតំបន់អភិរក្សពូជត្រីវត្តអន្លង់ថ្ងាន់ ដោយលោក និងដៃគូទើបមានលទ្ធភាពស្តារអូរមួយកន្លែងយកអាចម៍ដី ចំនួន៤.៧៣០ឡាន បែនមកចាក់បំពេញដើម្បីធ្វើផ្សារថ្មីនេះ។ ឯលោក សេង ធូ នាយសង្កាត់រដ្ឋបាលជលផលមង្គលបូរីបានឲ្យដឹងថា ថ្ងៃទី២៦ ខែឧសភាថា ៖ ដីទំនាប់មាត់ស្ទឹង និងអូរដែលឃុំបត់ត្រង់ចាក់ដីបំពេញធ្វើការអភិវឌ្ឍន៍អីនោះ នៅមុខតំបន់អភិរក្ស ពូជត្រីវត្តអន្លង់ថ្ងាន់មែន តែតួតំបន់អភិរក្សនៅខាងក្រោយវត្តឯណោះទេ៕ ដោយ ៖ ណុប រក្សា