រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានបានបិទបញ្ចប់ការស៊ើបអង្កេតលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថាអ្នកជិះ រថយន្តពាក់ស្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន បន្ទាប់ពីមានការចូលមកបំភ្លឺរួមគ្នារវាងព្រះសង្ឃដែលបានផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវ រងការចោទប្រកាន់។

ប្រភពក្រសួងបរិស្ថានបានឲ្យដឹងថា ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាមន្ត្រីសង្ឃគង់នៅវត្ត សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន មានសង្ឃដីកាថាជា ការភាន់ច្រឡំប៉ុណ្ណោះ មិនមាន ការបាញ់សត្វព្រៃ ដូចការចោទប្រកាន់នោះទេ ក្រោយពីបានឃាត់រថយន្តត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតរួចមក ហើយរូបថតដែល ភ្ជាប់រថយន្ត និងសត្វទន្សោងដែលបានបាញ់ស្លាប់ជាហេតុការណ៍ពីរផ្សេងគ្នា។

ព្រះភិក្ខុ ព្រហ្ម ប៊ុនរិទ្ធ បានបំភ្លឺពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន្តដែលមានរថយន្តមន្ត្រីយោធានោះ ជារឿងសង្ស័យ ហើយមានការយល់ច្រឡំ ព្រោះព្រះអង្គបានឃើញពីចម្ងាយ ហើយរថយន្តមិនបានឈប់នៅពេល បានជួបក្រុមព្រះអង្គដែលជាអ្នកអភិរក្សនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ទ ដែលកំពុងបំពេញការងារនៅទីនោះ។ ព្រះអង្គ ព្រហ្ម ប៊ុនរិទ្ធ មានសង្ឃដីកាដែរថា ម្ចាស់ហ្វេសប៊ុក Vadthanak Preap ចុះផ្សាយដោយស្រង់ សង្ឃដីការបស់ព្រះអង្គ ហើយបន្ទាប់មកបន្ថែមខ្លឹមសារខុសពីការពិត។

ទី១-គណនីនេះបានថែម ខ្លឹមសារលើខ្លឹមសារដើមរបស់ហ្វេសប៊ុករបស់ព្រះអង្គ។ ទី២-គឺគាត់បានផុសថា ករណីសង្ស័យបាញ់សត្វ ដោយភ្ជាប់រូបភាពរថយន្ត និងសត្វទន្សោង ២ក្បាល ដែលបានស្លាប់ ២ថ្ងៃមុនការចុះផ្សាយនោះថា នៅឯខេត្តឧត្តរមានជ័យ។ តាមពិតទន្សោង ២ក្បាលនោះ ត្រូវបានបាញ់ស្លាប់នៅក្នុងខេត្ត មណ្ឌលគិរី មិនមែននៅក្នុង ខេត្តឧត្តរមានជ័យឡើយ។ នេះជាករណីដាច់ដោយឡែក និងមានការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលព្រះសង្ឃយល់ថា មានចេតនាបំពុលសង្គម។

នៅចំពោះមុខភាគីពាក់ព័ន្ធនានា លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍លើក ទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានបន្តពង្រឹងការការពារ និងអភិរក្សធន ធានធម្មជាតិ ដើម្បីការរស់នៅដោយចីរភាព។ លោកក៏បញ្ជាក់ដែរថា ជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិនឹងត្រូវទទួលទោសតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលមានចែងដើម្បីគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះឱ្យបានគង់វង្ស សម្រាប់តកូនចៅគ្រប់ជំនាន់៕ ដោយ ៖ សហការី




