សំណុំរឿង​ជន​ស្បែក​ខ្មៅ​៣​នាក់ នាំ​យក​គ្រឿងញៀន​២១​គីឡូក្រាម​ចូល​កម្ពុជា

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ បាន​លើកយក​សំណុំរឿង​ជនជាតិ​ស្បែក​ខ្មៅ​៣​នាក់​ពាក់​ពន្ធ​នាំ​គ្រឿងញៀន (​មេ​តំ​ហ្វេ​តា​មីន​) ២១​គីឡូក្រាម ពី​ប្រទេស​ឡាវ ចូល​មក​ធ្វើ​ចរាចរ​លើ​ទីផ្សារ​ងងឹត​ក្នុង​អាណាចក្រ​កម្ពុជា មក​បើក​សវនាការ​ដើម្បី​ផ្តន្ទាទោស តាម​ច្បាប់​ដែល​បាន​ចូល​ជា​ធរមាន​។

Loading...

ជនជាប់ចោទ ១.​ឈ្មោះ MADUKA JONAS CHIBUDO ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​. ២.​ឈ្មោះ OBIESIE CHIKA ODINAKA CHIEMERIE ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (២​នាក់​នេះ​ស្នាក់​នៅផ្ទះ​សំណាក់​តូ​នី ផ្លូវ​បេតុង ភូមិ​ចម្រើន​ផល សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​) និង​៣.​ឈ្មោះ DAVIS CHIKWADO ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​បុរី​ពិភព​ថ្មី​ចំការ​ដូង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពួក​គេ​ទាំង​៣​នាក់​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដូច​គ្នា​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​សមត្តិ​ច្ច​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​៣​នាក់ ដែល​កំពុង​ដឹក​ជញ្ជូន និង​រក្សា​ទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅផ្ទះ​សំណាក់​តូ​នី ស្ថិត​ក្នុងភូមិ​ចម្រើន​ផល ខណ្ឌមានជ័យ ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ខណ្ឌដង្កោ​។ ជា​លទ្ធផល​ចាប់​យក​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទម្ងន់​២១​គីឡូក្រាម ដែល​ជនសង្ស័យ​បាន​ដឹក​ជញ្ជូន​តាម​ច្រករបៀង​ពី​ប្រទេស​ឡាវ ចូល​មក​កម្ពុជា​។

តាម​ចម្លើយ​ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ដំបូង​ឡើយ​ឈ្មោះ MADUKA JONAS CHIBUDO និង​ឈ្មោះ OBIESIE CHIKA ODINAKA CHIEMERIE គេ​បាន​ទៅ​រស់នៅ​ក្នុង ប្រទេស​ឡាវ អស់​រយៈពេល​ជាង​៤​ខែ បន្ទាប់​មក​បាន​ទៅ​ស្គាល់​មនុស្ស​ម្នាក់ នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ប្រទេស​ឡាវ ។ ពួក​គេ​ក៏​បាន​ពិភាក្សា​គ្នា​ដើម្បី​ចូល​មក​ទេសចរ​នៅ​កម្ពុជា ទើប​ពេល​នោះ​មនុស្ស​ម្នាក់​នោះ បាន​ជួល​ឲ្យ​ពួក​គេ​ជួយ​ស្ពាយ​វ៉ា​លី​ពីរ ដែល​ជន​នោះ​ថា ជា​វ៉ា​លី​ដាក់​កញ្ចប់​ចំណីអាហារ​ចូល​មក​កម្ពុជា​ផង​ដែរ​។

លុះដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ ពួក​គេ​២​នាក់​ក៏​បាន​ធ្វើ​ដំណើរ​ជិះទូក​ផង​ជិះឡាន​ផង ឆ្លងកាត់​ច្រក​ច្រករបៀង​ផង តាម​ផ្លូវជាតិ​ផង ចេញពី​ប្រទេស​ឡាវ​ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា​។ ពេល​មក​ដល់​ភ្នំពេញ​ពួក​គេ​ក៏​បាន​ទាក់ទង​ប្អូនជីដូនមួយ​ឈ្មោះ DAVIS CHIKWADO ដែល​ធ្វើ​ជា​គ្រូបង្រៀន សាសនា​នៅ​ទី​នេះ ដើម្បី​ប្រគល់​វ៉ា​លី​ថា ជា​ចំណីអាហារ​នោះ ហើយ​ក៏​បាន​ណាត់គ្នា​ជួប​នៅផ្ទះ​សំណាក់​តូ​នី ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ទើប​ដឹង​ថា ក្នុង​វ៉ា​លី​ដែល​មនុស្ស​ម្នាក់ ជួល​ឲ្យ​ស្ពាយ​ពី​ប្រទេស​ឡាវ​មក​នោះ​សុទ្ធ​គ្រឿងញៀន និង​មាន​ទម្ងន់​រហូត​ដល់​ទៅ​២១​គីឡូ ក្រាម ដែល​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​បាន​ថ្លឹង​នៅ​ចំពោះ​មុខ​។ បន្ទាប់​ពី​ឃាត់ខ្លួន និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ចំនួន​២១​គីឡូក្រាម សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ស​ង្យ័​យ​ទាំង​៣​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី ភ្នំពេញ ទើប​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​.​ដឹក​ជញ្ជូន ជួញដូរ និង​រក្សា​ទុក​នូវ សារធាតុ​ញៀន ដោយ​ខុសច្បាប់ រួច​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ចាប់ពី​ពេ ល​នោះ​មក ដែល​សំណុំរឿង​ត្រូវ​បាន​លើកយក​មក​បើក​សវនាការ​នា​ពេល​នេះ​។

នៅ​ពេល​សវនាការ ជនជាប់ចោទ​២​នាក់​ដែល​បាន​ស្ពាយ​គ្រឿងញៀន ២១​គីឡូក្រាម​តាំងពី​ប្រទេស​ឡាវ​មក បាន​បដិសេធ មិន​ទទួលស្គាល់​ទោស​កំហុស ដូច​ការ​ចោទប្រកាន់​នោះ​ទេ ពួក​គេ​ថា នេះ​ជា​បញ្ញើ​ដែល​គេ​ផ្ញើ​ជួយ​យក​មក​ឲ្យ មនុស្ស​ម្នាក់​នៅ​ភ្នំពេញ ហើយ​មនុស្ស​ម្នាក់​នោះ​ក៏​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ ដូច្នេះ​ហើយ​សុំ​តុលាការ​ដោះ​លែង ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ​។ ទោះជា​យ៉ាងណា​ក្តី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង ដែល​ជា​តំណាង​អ យ្យ​ការ​អម​សាលាដំបូង បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ​ទៅ​តាម​ច្បាប់ ។ បន្ទាប់​ពី​ចប់​ការ​សាកសួរ​ដេញដោល​លោក លិ សុខា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០ ខាង​មុខ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់