ប្រជា​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ សំណូមពរ​សូម​ឲ្យ​ក្រសួងកសិកម្ម​ចុះបញ្ជី​សហគមន៍

ខេត្តស្វាយរៀង ៖ ប្រជា​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ​បាន​ធ្វើការ​សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​មេត្តា​ពិនិត្យ និង​ចុះបញ្ជី​ដី​ព្រៃ​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ​ជា​ផ្លូវការ លើ​ផ្ទៃដី​ព្រៃ ទំហំ ៤៤៤​ហិ​កតា ដែល​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលផល​ផ្ទាល់ ចំនួន ៣៨៥​គ្រួសារ មនុស្ស​សរុប​១,៤៦៤​នាក់ ស្រី​៧៤៨​នាក់ ប្រជាពលរដ្ឋ​ទទួលផល​ប្រយោល​មាន​២​ឃុំ គឺ​ឃុំ​អំ​ពឹ​ល និង​ឃុំ​ត្រស់ ស្រុក​រមាស​ហែក​។ ការ​អំពាវនាវ និង​សំណូមពរ​នេះ​ដែរ កើតឡើង​នៅ​ព្រឹក ថ្ងៃ​ទី​២៧ ឧសភា ២០២០ នៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​អំ​ពឹ​ល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

Loading...

បើ​តាម​លោក ទូច ស្រី អាយុ​៤០​ឆ្នាំ ជា​ប្រធាន​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ បាន​ឲ្យ​ដឹង​ថា ព្រៃឈើ​ដែល​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ បាន និង​កំពុង​គ្រប់គ្រង​មាន​ផ្ទៃដី​ព្រៃ​ទំហំ​៤៤៤​ហិ​កតា ប្រជាពលរដ្ឋ​ទទួលផល​ផ្ទាល់​ចំនួន​៣៨៥​គ្រួសារ មនុស្ស​សរុប​១,៤៦៤​នាក់ ស្រី​៧៤៨​នាក់​។ សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១១ ដោយ​មានការ​សម្របសម្រួល រៀបចំ​ពី​អង្គការ​មនុស្ស​ចាស់​អំ​ពឹ​ល​ពោធិធំ និង​មានការ​គាំទ្រ​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ហែក​។

រហូត​ដល់​ឆ្នាំ​២០១៣ មានការ​គាំទ្រ​ពី​លោក ជៀង អំ អភិបាល​ខេត្តស្វាយរៀង អនុញ្ញាត​ច្បាប់​ឲ្យ​ប្រជា​សហគមន៍​គ្រប់គ្រង និង​ការពារ​អភិរក្ស​ព្រៃឈើ ធម្មជាតិ​ឲ្យ​គង់វង្ស​ដើម្បី​រក្សា​បរិស្ថាន​ធម្មជាតិ និង​ការពារ​ទប់ស្កាត់​គ្រោះ​ធម្មជាតិ​គ្រោះ​រាំង​ស្ងួត និង​រក្សា​ឲ្យ​មាន​របប​ទឹកភ្លៀង​ទៀងទាត់ ហើយ​ដើម្បី​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​នេះ​ទុក​សម្រាប់​ឲ្យ​ក្មេង ជំនាន់​ក្រោយ បាន​ស្គាល់​ដើមឈើ និង​ចេះ​ស្រឡាញ់​ព្រៃឈើ​។

លោក ទូច ស្រី បន្ត​ទៀត​ថា គណៈកម្មការ​សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ បាន​បង្កើត​ឡើង​ដោយ​ការ​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ ភូមិ​ត្រពាំង​ពិការ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​មេ​ភូមិ​ក្រុមប្រឹក្សា​ឃុំ ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ចូលរួម​ជ្រើសរើស​គណៈកម្មការ​ចំនួន​០៩​រូប ស្រី​០១​រូប (​ប្រធាន​១​រូប អនុប្រធាន​១​រូប លេខា​១​រូប គណនេយ្យ​១​រូប សមាជិក​០៥​រូប​)​។

ចំណែក​ព្រៃឈើ​ធម្មជាតិ​ចម្រុះ មាន​ដើម​ក្រ​ញូ​ង នាងនួន សុ​ក្រំ កកោះ ក្លុ​ង ត្បែង ត្រ​សេក ត្របែកព្រៃ ក្រូចព្រៃ ត្រ​ខុប​ព្រៃ អង្គ្រង រាំង ត្រ​កៀប​ក្តាម ពុលបាយ ជ​ង្រៀ​ក ខ្នាយ​មាន់ ត្រ​មូង​។​ល​។ និង​មា​នវ​ល្ល៍​គុយ វ​ល្ល៍​អ​ង្គុ​ញ វ​ល្ល៍​ជុ​យ វ​ល្ល៍​ត្រី វ​ល្ល៍​ចាក់​ក្រ​សែង និង​ដើម​រុក្ខជាតិ​ជីវៈចម្រុះ​ជា​ច្រើន គួរ​ជាទី​កម្សាន្ត មាន​ផ្លូវលំ​ព​ទ្ធ័​ជុំវិញ និង​មាន​លំនៅ​ឋាន ប្រជាពលរដ្ឋ​នៅ​ក្បែរ​ព្រៃ​សហគមន៍​មួយ​ជំ​ហៀ​ង ព្រៃ​សហគមន៍​ផ្លូវ​ក្រាល​គ្រួ​ស ក្រហម​ប្រើប្រាស់​ថវិកា​គម្រោង​អភិវឌ្ឍន៍​ឃុំ ចុះ​ពី​ផ្លូវជាតិ​លេខ​៣១៣ ត្រង់​ចំណុច​សាលា ឃុំ​អំ​ពឹ​ល​ទៅ​សហគមន៍​ព្រៃឈើ​មាន​ចម្ងាយ​២,៥០០​ម៉ែត្រ គឺ​ដល់​ព្រៃ​សហគមន៍ ហើយ​អាច​ទៅ​លេង​កម្សាន្ត​បាន​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន