ខេត្តកណ្តាល ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រតិបត្តិការស្រាវជ្រាវ ប្រើរយៈពេល០៥ថ្ងៃ បានកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនជនសង្ស័យលួចកាបូបឆ្លងខេត្តពីខេត្តកណ្តល រហូតដល់ខេត្តសៀមរាបបានដោយជោគជ័យ។

ហេតុការណ៍ចុះឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប។ លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កណ្តាល បានប្រាប់ឲ្យដឹងនៅយប់ថ្ងៃថ្ងៃទី២៨ ខែឧសភា នេះថា៖ ហេតុការណ៍ដំបូងបានកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទីចំណុច ភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ៉ន ដានី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មេផ្ទះ។ ជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប។ លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានមកស្នាក់នៅជាមួយជនរងគ្រោះ។
លុះមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី ឈ្មោះ ថន ប៊ុនធីម បានលួចរត់ចេញពីផ្ទះថែមទាំងលួចយកកាបូបរបស់ជនរងគ្រោះមកជាមួយទៀត ដោយក្នុងកាបូបរនោះមាន សម្ភារមួយចំនួនដូចជា៖ ប្រាក់ដុល្លារ ២.៤០០ដុល្លារ ប្រាក់រៀល៨០ម៉ឺនរៀល ចិញ្ចៀនលោហៈធាតុពណ៌លឿងចំនួន៣វង់ ក្រវិលលោហៈធាតុពណ៌លឿង១គូ ប្លង់ដី១ កាតធនាគារចំនួន៣ អត្តសញ្ញាណប័ណ្ណ១ ប័ណ្ណសម្គាល់យានយន្ត២ និងប័ណ្ណបើកបរយានយន្ត១។
លុះមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគោកចក ខេត្ដសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន ប៊ុនធីម ភេទប្រុស អាយុ១៦ឆ្នាំ នៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប រួមជាមួយនឹងវត្ថុតាងខាងលើ៕ ដោយ ៖ ប៉ឹង ឆដា