ខេត្តសៀមរាប ៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២២ ឧសភា ចំនួន៤៣គ្រួសារ មកពី៣ភូមិ ក្នុងសង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប បានទទួលអំណោយសង្គ្រោះ បន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដឹកនាំដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តសៀមរាប រួមទាំងសហការី និងអស់លោក លោកស្រី ជាមន្ត្រីអនុសាខា អាជ្ញាធរក្រុង ចៅសង្កាត់ មេភូមិ ចូលរួមនៅក្នុងបរិវេណសាលា បុណ្យ ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ដោយរលំផ្ទះ ០៨ខ្នង របើកដំបូលធ្ងន់ធ្ងរ៣៥ខ្នងផ្ទះ។

លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកជំទាវក៏បានសម្ដែដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យ សម្បត្តិ តែនេះជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកជំទាវក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា។

ក្នុងនោះលោកជំទាវ ក៏បានធ្វើការណែនាំមួយចំនួន ដើម្បីជាមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំង និងបង្ការការពារ ទប់ ស្កាត់នូវរលកទី២ នៃជំឆ្លងកូវីដ-១៩ ទោះបីមានភាពធូរស្រាលពីជម្ងឺកូវីដ-១៩ នៅកម្ពុជាក៏ពិតមែន តែភាពក្តៅគគុកនៅលើពិភពលោកនៅតែបន្តរីករាលដាល ហើយក្នុងពេលថ្មីៗនេះដែរ កម្ពុជាក៏មានអ្នកនាំចូលនូវជំងឺកូវីដ-១៩ ចំនួន២ករណីទៀតផង។

ទោះបីនៅកម្ពុជាយើងពុំ មានអ្នកស្លាប់ដោយជំងឺឆ្លងកូវីដ-១៩ ក៏ដោយ យើងទាំងអស់គ្នារួមសហការគ្នាប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់នូវជំងឺឆ្លងកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដោយមិនបានបន្ធូបន្ថយនោះឡើយ គឺបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ចំពោះរលកទី២នៃជំងឺកូវីដ-១៩ កុំឲ្យមានការរីករាលដាល់នៅក្នុងសហគមន៍។

លោកជំទាវក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះធ្វើ អនាម័យឲ្យបានជាប្រចាំនៅក្នុងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយនូវការជួបជុំ ប្រមូលផ្តុំគ្នា។ លោកជំទាវក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនត្រូវត្រៀមលក្ខណៈសម្ភារកសិកម្ម ដើម្បីបង្កបង្កើនផល ឲ្យបានទាន់រដូវធ្វើស្រែ ចម្ការ។

ម្យ៉ាងទៀតក៏ត្រូវមានការប្រុងប្រយ័ត្ន នៅពេលភ្លៀង ខ្យល់ ផ្គររន្ទះ កុំប្រើប្រាស់នូវគ្រឿងអេឡិចត្រូនិច (ទូរស័ព្ទ) ដែលជាចរន្តចម្លង ដែលបង្កឲ្យគ្រោះថ្នាក់ដល់ជីវិត និងត្រូវចេះថែរក្សាសុខភាព សំខាន់ចំពោះកុមារតូចៗ និងចាស់ជរា ដែលជាមុខសញ្ញាក្នុងការឆ្លងនៃ ជំងឺកូវីដ-១៩ ហើយបើមានកើតនូវរោគសញ្ញាណាមួយ ក៏ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ដែលនៅជិតខ្លួន។

ក្នុងការផ្តល់អំណោយមនុស្សធម៌នោះ ដោយមួយគ្រួសារទទួលបាន អង្ករ៣០គក្រ , មី១កេស,ត្រីខ១យួរ, កន្ទេល១, ឃីត១កញ្ចប់, អាវយឺត២, ហើយបន្ថែមលើនោះអ្នកផ្ទះរលំ ទទួលបានស័ង្កសី ១៦សន្លឹក ថវិកា២០ម៉ឺនរៀល និងគ្រួសារផ្ទះរបើកដំបូលបន្ថែមនូវស័ង្កសី ១០សន្លឹក និងថវិកា១០ម៉ឺនរៀលផងដែរ៕ ដោយ ៖ ច័ន្ទ រស្មី



