ខេត្តព្រៃវែង ៖ ដោយមានការសម្របសម្រួលពីក្រុមការងារ វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការ គណៈរដ្ឋមន្ត្រី និងអាជ្ញាធរខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៨ ឧសភា ក្រុមសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ សហការជាមួយមន្ទីរសុខាភិបាលខេត្តព្រៃវែង បានបើកយុទ្ធនាការ ចុះបាញ់ថ្នាំសម្លាប់មេរោគ កូវីដ-១៩ នៅតាមគោលដៅសំខាន់ៗជាច្រើនកន្លែងនៅក្នុងខេត្តព្រៃវែង។

ឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ដើម្បីការពារបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង កុំឲ្យឆ្លង ឬកើតមានជំងឺកូវីដ-១៩ ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល មកលើសុខទុក្ខរបស់បងប្អូននៅទូទាំងប្រទេស។

ឯកឧត្តម ស៊ីម វុទ្ធា បានបញ្ជាក់ថា គោលដៅសំខាន់ៗដែលក្រុមសង្គ្រោះបន្ទាន់៧១១ និងមន្ទីរសុខាភិបាលខេត្តព្រៃវែង បានសហការគ្នាចុះបាញ់ថ្នាំសម្លាប់មេរោគ កូវីដ-១៩ នោះរួមមាន សាលប្រជុំសាលាខេត្តព្រៃវែង ផ្ទះគ្រូបង្រៀនខេត្ត មណ្ឌលចត្តាឡីស័ក កំពង់លាវ ផ្សារក្រុងព្រៃវែង និងផ្សារស្វាយអន្ទរ។

ដោយឡែកលោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍ថា មកដល់ពេលនេះ នៅទូទាំងខេត្តព្រៃវែង មានមណ្ឌលចត្តាឡីស័កទាំងអស់ចំនួន១៤កន្លែង ហើយគិតពីដើមខែមេសា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ខេត្តព្រៃវែង មានពលករចំណាកស្រុកក្រៅប្រទេស បានវិលត្រឡប់មកដល់ខេត្តចំនួនជាង៧ពាន់នាក់ និងពលករចំណាកស្រុកក្នុងប្រទេស បានវិលត្រឡប់មកវិញ ចំនួនជាង៩ម៉ឺននាក់ ហើយក្នុងចំណោមពលករទាំងអស់នោះ គឺពុំមាននរណាម្នាក់បានឆ្លង ឬកើតជំងឺកូវីដ-១៩នោះទេ៕ ដោយ ៖ សុំ ពៅពិសិដ្ឋ

