ប្រជាពលរដ្ឋ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ឡើងគោក មិន​ទាន់​យល់​ដឹង​ពី​អនាម័យ​ដើម្បី​សុខភាព

126

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក មក​រស់នៅ​លើគោក ពុំ​ទាន់​យល់​ដឹង​នឹង​ឲ្យ​តម្លៃ​ទៅ​លើ​ការ ប្រើប្រាស់​ទឹក​ស្អាត ដើម្បី​សុខភាព​ធ្វើ​ឱ្យ​ចំនួន​អ្នក​ប្រើប្រាស់​ទឹក​ស្អាត​នៅ​ក្នុង​ឃុំ​ឆ្នូ​ក​ទ្រូ ស្រុក​បរិបូរណ៍ មាន​ចំនួន​តិច​នៅឡើយ​។ នេះ​ជា​ការ​អះអាង​របស់​លោក​មេឃុំ​ឆ្នុកទ្រូ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍ ដល់​ក្រុម​អ្នក​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ​។ លោក សាំង គី​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍​បាន​លើក​ឡើង​ថា​៖

Loading...

ក្រោយ​ពី​បន្លាស់​ទី​ប្រជាពលរដ្ឋ ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ឱ្យ​រស់នៅ​លើគោក រាជរដ្ឋាភិបាល​បាន​គិតគូ ពី​ការ​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដោយ​បាន​កសាង​ប្រឡាយ ធ្វើ​ផ្លូវ ត​បណ្តាញ​អគ្គិសនី និង ត​បណ្តាញទឹក​ស្អាត​ជាដើម​។ និយាយ​ដោយឡែក​សម្រាប់​ទឹក​ស្អាត បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឆ្នុកទ្រូ ហាក់​មិន​បាន យកចិតទុកដាក់​ក្នុង​ប្រាស់​ប្រាស់ ព្រោះ​បញ្ហា​ត្រង់​ថា​៖ ទី​១-​ពួក​គាត់​ទម្លាប់​ប្រើប្រាស់​ទឹកទន្លេ​ដែល​នៅ​ក្រោមផ្ទះ​ស្រាប់ មាន​សភាព​ងាយស្រួល​, ទី​២-​ក្រោយ​ពេល​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ហើយ អាជ្ញាធរ​ខេត្ត និង​ក្រុមការងារ បាន​កសាង​អណ្តូងទឹក សរុប​ចំនួន​១១៦​អណ្តូង ដែល​ជា​ប្រភេទ​អណ្តូង​លូ ឱ្យ​បងប្អូន​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ម្លោះ​ហើយ​ទោះបី​មានទឹក​ស្អាត​ដល់​មុខ​ផ្ទះ​គាត់​ក៏​គាត់​មិន​ទិញ​ប្រើ​ដែរ​។

និង​ទី​៣ ពួក​គាត់​ប្រហែលជា​កង្វះ​ថវិកា​សម្រាប់ ត ទឹក​ស្អាត​ចូល​ផ្ទះ​គាត់​។ បច្ចុប្បន្ន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​ស្អាត​មាន​ចំនួន​ជាង​២០០​គ្រួសារ​ប៉ុណ្ណោះ​។ ជា​ចុង​ក្រោយ ក្នុង​នាម​លោក​ជា​អាជ្ញាធរ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ងាក​មក​ប្រើប្រាស់​ទឹក​ស្អាត ដើម្បី​សុខភាព ជាសវាង​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ​។ ដោយឡែក​លោក ថូ សា​ម៉ែ​ន ដែល​ជា​ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​ស្អាត សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ឆ្នុកទ្រូ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​សិប្បកម្ម​ទឹក​ស្អាត​គាត់​បាន​ត​បណ្តាញទឹក​ស្អាត ក្នុង​ឃុំ​ឆ្នូ​ក​ទ្រូ បាន​ប្រមាណ​៧០%​ហើយ ដោយ​ក្នុង​នោះ​មាន​ភូមិ​កំពង់ព្រះ ភូមិ​យុគន្ធរ និង​ភូមិ​ឆ្នុកទ្រូ​។

ចំពោះ​ការ ចែកចាយ​ទឹក​ស្អាត​បាន​ប្រមាណ​តែ​២០%​ប៉ុណ្ណោះ ដោយ​អ្នក​ប្រើ​មាន​ចំនួន​តិច​នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ជួប​ការ​លំបាក​ខ្វះខាត​ជីវភាព​ផង និង​ខ្លះ​ការ​យល់​ដឹង​ពី​ការ​ប្រាស់​ទឹក​ស្អាត​ផង​។ សិប្បកម្ម ផលិត​ទឹក​ស្អាត​របស់​គាត់ ផលិត​បាន​ជាង​៣​ពាន់​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ប៉ុន្តែ​អ្នក​ប្រើប្រាស់​វិញ​ប្រើ​អស់​រង្វង់ ២​ពាន់​ម៉ែត្រគូប ប៉ុណ្ណោះ​។ ចំពោះ​តម្លៃ​វិញ​ទឹក​ក្នុង​១​ម៉ែត្រគូប​ថ្លៃ​៣​ពាន់​រៀល និង​ថ្លៃ​ត​បណ្តាញ​ចូល​ចំនួន​២៥​ម៉ឺន​រៀល​។ ជា​ចុង​ក្រោយ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ផ្លាស់​ប្តូ​ទម្លាប់​ប្រើប្រាស់​ទឹក​អណ្តូង មក​ប្រើប្រាស់​ទឹក​ស្អាត​វិញ​ដើម​សុខភាព ឬ​ប្រើប្រាស់​ទឹក​អណ្តូង​សម្រាប់​តែ​បោក​ខោអាវ និង​លាងចាន​ទៅ​បាន​ហើយ​។

លោក​ក៏​សូម​អំពាវ​ដល់​អង្គការ​ដៃគូ​ណា ដែល​ធ្លាប់​ធ្វើ​ការងារ​មនុស្សធម៌ ជួយ​ចេញថ្លៃ​ត​បណ្តាញទឹក និង​ថ្លៃ​ប្រើប្រាស់​ទឹក​ស្អាត ជំនួស​បងប្អូន​ប្រជាពលរដ្ឋ តែ​៥០% ក៏​ជា​ការ​ល្អ​ម្យ៉ាងដែរ​។ គួ​រំ​ឮ​ក​ដែរ​ថា ដើម្បី​បរិស្ថាន​ទឹក ដើម្បី​សោភ័ណ​ភាព និង​ដើម្បី​ការ​ចរាចរណ៍​ផ្លូច​ទឹក ឱ្យ​មាន​ភាព​ទូលាយ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​បន្លាស់​ទី​អ្នក​រស់នៅ​លើ​ទឹក​តាម​ដង​ទន្លេ​ឱ្យ​ឡើងគោក​ទាំងអស់​៕ ដោយ ៖ ពៅ សុខ​ហ៊ាន