ខេត្តក្រចេះ ៖ ប្រជាកសិករកំពុងប្រមូលផលស្រូវវស្សា ដែលមានទិន្នផលមិនដូចគ្នាទេ ដោយនៅតំបន់ខ្លះបានផលច្រើន តំបន់ខ្លះទៀតបានផលតិចជាងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ២០២០នេះ ការធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តក្រចេះ ជួបគ្រោះរាំងស្ងួតផង ទឹកជំនន់ផង ដែលបណ្តាលឱ្យ រងការខូចខាតមួយចំនួន តែចំពោះភោគ ផលស្រូវ ដែលប្រមូលបាន ក៏នៅទទួលបានផលល្អផងដែរ។

លោក ទ្រី សុភក្ត្រ័ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់ប្រាប់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ វិច្ឆិកា នេះ កសិករក្នុងខេត្តក្រចេះ ប្រមូលផលស្រូវវស្សាបានចំនួន៨៣.៨៣៦តោន លើផ្ទៃដី ២៨.៣២៣ហិកតា ។

លោកបន្តថា លទ្ធផលការងារបង្កបង្កើនផលដំណាំគ្រប់ប្រភេទ ក្នុងឆ្នាំ២០២០ គិតត្រឹមថ្ងៃទី២០ វិច្ឆិកា រូមមាន៖ ១-ការងារបង្កបង្កើនផល សម្រេចបានការដាំដុះដំណាំ ស្រូវ ចំនួន ៤៨,៨៣៥ហ.ត ស្មើនឹង ១០៣,៩០% នៃផែនការ ៤៧,០០០ហ.ត ។ សម្រេចបានការដាំដុះដំណាំរួមផ្សំដូចជា បន្លែគ្រប់ប្រភេទ ពោតស ដំឡូងជ្វា ដំឡូងគរ និងប៉ិកគក់ ចំនួន ៤,៧១៧ហ.ត ស្មើនឹង ៥២,៤១% នៃផែនការ ៩,០០០ហ.ត ។ សម្រេចបានការដាំដុះដំណាំឧស្សាហកម្មរយះពេលខ្លីដូចជា ពោតក្រហម អំពៅ សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង ថ្នាំជក់ និងដំឡូងមីចំនួន ៨៨,៥៩០ហ.ត ស្មើនឹង ១០៧,៦១% នៃផែនការ ៨២,២០០ហ.ត។

លោក ទ្រី សុភក្ត្រ័ ក៏បានបញ្ជាក់បន្ថែមថា ការងារប្រមូលផល សម្រេចបានការ ប្រមូលផលដំណាំស្រូវ (ស្រូវវស្សា) ចំនួន ២៨,៣២៣ហ.ត ស្មើនឹង ៥៧,៩៧% នៃផែ្ទដីដាំដុះ ៤៨,៨៣៥ហ.ត។

ដោយឡែក អំពីលទ្ធផលផ្ទៃដីបានស្តារដំណាំស្រូវឡើងវិញនៅខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កសិករចំនួន ២, ៣៧២គ្រួសារ បានទទួលគ្រាប់ ពូជស្រូវចំនួន ២៣៧,២០០គីឡូក្រាម ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា។

ដោយគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តារបានចំនួនជាង ១,១៤៨ហ.ត ស្មើនឹង ៦៧,៣៥% ស្មើនឹង ១,៦៤៦គ្រួសារ និងផ្ទៃដីមិនទាន់បានស្តារ មានចំនួនជាង ៥៥៦ហ.ត ដោយសារទឹកស្រកមិនទាន់ផុតស្រែ៕ អត្ថបទដោយ៖ ប៊ុន លីនណា

