រាជធានីភ្នំពេញ ៖ រថយន្ដហ្វតស៊េរីទំនើបមួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹងស្រាបើកលឿនដូចហោះរេចង្កូតឡើងលើខឿនផ្លូវទៅបុកនិងបង្គោលភ្លើងមួយដើមពេញទំហឹងបណ្តាលឲ្យបាក់រលើងទាំងគល់ខ្ទាតជាង10ម៉ែត្រ ដួលរលំរៀបដល់ដីរងការខូចខាតទាំងស្រុង បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៣ វិច្ឆិកា នៅតាមបណ្ដោយផ្លូវលេខ1800 កែងនិងផ្លូវលេខ598 ភូមិទួលពពែ សង្កាត់ទួលសង្កែទី2 ខណ្ឌឫស្សីកែវ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺពួកគាត់ឃើញរថយន្តហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-8603 បើកបរដោយបុរសម្នាក់ក្នុងលឿនដូចហោះ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ1800 ទិសដៅពីលិច ទៅកើត ខណៈពេលមកដល់កន្លែងកើតហេតុរ៉េចង្កូតឡើងឃឿនផ្លូវទៅបុកផ្ទប់បង្គោលភ្លើងដែកបំភ្លឺផ្លូវមួយដើមពេញទំហឹងចំហៀងខាងស្តាំរថយន្ត បណ្តាលឲ្យរថយន្តបង្កវិលក្បាលត្រលប់ក្រោយវិញនៅទទឹងកណ្តាលផ្លូវ ។

ចំណែកបង្គោលភ្លើងវិញដាច់រលើងដល់គល់ឃ្ទាតជាង10ម៉ែត្រតាមរថយន្ត ដួលរៀបដល់ដី រងការខូចខាតទាំងស្រុង ចំណែករថយន្តបង្ក ខូចខាតមួយកំណាត់ខាងស្តាំយ៉ាងដំណំ ចំណែកអ្នកបើកបរ បោកផ្ទប់និងដៃចង្កូត រងបួសបែកក្បាល។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានទាក់ទងហៅសាច់ញាតិ មកយកទៅព្យាបាលរបួសភ្លាមៗ នៅសល់តែរថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់អោយសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយបន្ត ៕



