អ្នក​ភូមិ​ជនជាតិ​ប្រទះ​ឃើញ​ដំរីព្រៃ​មួយ​ហ្វូង​ឆ្លង​កាត់

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ពូ​ចារ​នៅ​ខេត្តមណ្ឌលគិរី បាន​ប្រទះ​ឃើញ​ដំរីព្រៃ​មួយ​ហ្វូង ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​ប្រមូល​អនុ​ផល​ព្រៃឈើ នៅ​ភាគ​ខាងត្បូង​នៃ​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ចុងខែ​តុលា​កន្លង​ទៅ ។ នៅ​ពេល​បានឃើញ​ហ្វូង​ដំរី​ទាំងនោះ​ភ្លាម ពួក​គាត់​បាន​ប្រញាប់ប្រញាល់ រត់ឡើង​លើ​ដើមឈើ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ។

Loading...

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ WCS នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ខណៈនោះ​ដែរ​លោក ពឿ​ន កឿ​ន ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ក្រុម​នោះ​ដែរ បាន​យក​ទូរស័ព្ទ​ឆ្លាត​វៃ​របស់​គាត់​ថត​សកម្មភាព​សត្វ​ដំរី​ទាំងនេះ​ដែល​កំពុងស៊ី​ឫស្សី និង​ដើរ​ឆ្លងកាត់​ក្រោម​ដើមឈើ​ដែល​ពួក​គាត់​កំពុង​លាក់ខ្លួន ។ ក្នុង​ហ្វូង​នោះ​មាន​ដំរី​តូច​ធំ​យ៉ាងតិច​១៤​ក្បាល និង​ទំនងជា​មាន​សុខភាព​ល្អ ។ តាម​ធម្មតា ហ្វូង​ដំរី​នីមួយ​ៗ​ដឹកនាំ​ដោយ​ដំរី​ញី​ដែល​ចាស់​ជាងគេ ហើយ​ក្នុង​ហ្វូង​នោះ​មាន​ញាតិសន្តាន ព្រមទាំង​កូនចៅ​របស់​មេហ្វូង។

ទោះបី​គេ​កម្រ​ឃើញ​សត្វ​ដំរី​ទាំងនេះ​ក្តី​ក៏​មានការ​ប៉ាន់​ប្រមាណ​ថា មាន​ដំរី​ប្រហែល​១០០​ក្បាល កំពុង​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​ការ​បានឃើញ​ហ្វូង​ដំរី​ដ៏​ធំ​មាន​សុខភាព​ល្អ មានកូន​មាន​ចៅ​ច្រើន​ដូចនេះ គឺជា​ករណី​កម្រ​ព្រោះ​មិន​ធ្លាប់​មានការ​ប្រទះ​ឃើញ​នោះ​ទេ ។ ប្រភព​ដដែល​បញ្ជាក់​ថា ដំរី​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ការ​គំរាមកំហែង ដោយសារ​ការ​បាត់បង់​ទីជម្រក​របស់​ពួក​វា ដែល​បណ្តាល​មក​ពី​មានការ​កាប់​រាន​ព្រៃ​ខុសច្បាប់ យក​ដី​ធ្វើ​កសិកម្ម​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ។

ក៏​ប៉ុន្តែ​ប្រជា​សហគមន៍​ដែល​បាន​ដាំ​ដុះ​ដំណាំ​លើ​អតីត​តំបន់​ដែល​ជាទី​ជម្រក​របស់​ដំរី​ទាំងនេះ មិន​សប្បាយចិត្ត​និង​រអ៊ូរទាំ​ថា សត្វ​ដំរី​ទាំងនេះ​តែងតែ​មក​ស៊ី​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់​ជា​រឿយ​ៗ ហើយ​ក៏​មានការ​ផ្ទុះ​សង្គ្រាម​រវាង​អ្នក​ភូមិ​និង​ដំរីព្រៃ​ដើម្បី​ការពារ​ផលដំណាំ​របស់​ខ្លួន ។ មុន​នេះ​ក្នុង​ករណី​ចង់​បន្ត​ពូជ​ដំរី​នៅ​តំបន់​ព្រៃ​ភ្នំ​នៅ​ភាគ​ខាងជើង ដំរីព្រៃ​មួយ​ក្បាល​ក៏​ត្រូវ​បាន​ទទួល​ពី​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​លែង​ក្នុង​ព្រៃ​នៅ​ខេត្តឧត្តរ​មានជ័យ ។

ដំរី​របស់​ប៉ា​គី​ស្ថាន គេ​ធ្វើ​ពិធី​លាគ្នា​លើក​ចុង​ក្រោយ មុន​មក​ដល់​កម្ពុជា​ក្នុង​ស​ប្ដា​ហ៍​នេះ
កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ក្រុម​មន្ដ្រី​និង​ប្រជាជន​ប៉ា​គី​ស្ថាន បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​សួនសត្វ Islamabad ដើម្បី​ចូលរួម​ពិធី​លាគ្នា​លើក​ចុង​ក្រោយ សម្រាប់​ដំរី​ឯកោ​បំផុត​នៅ​លើ​ពិភពលោក​ឈ្មោះ កា​វ៉ា​ន់ (Kaavan) មុន​ពេល​មក​ចាប់ផ្ដើម​ជីវិត​ថ្មី នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ស​ប្ដា​ហ៍​នេះ ។

ក្នុង​ពិធី​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា មានការ​ចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​ជា​ច្រើន​រូប រួម​មាន​មន្ដ្រី​បរិស្ថាន និង​សមាជិក​សភា​ជាដើម ។ នៅ​ក្នុង​នោះ​ដែរ គេ​បាន​រៀបចំ​លម្អ រួម​មានការ​ចង​ប៉េងប៉ោង​ចម្រុះ​ពណ៌ និង​បដា​ដែល​សរសេរ​ថា «​លា​ហើយ​កា​វ៉ា​ន់ យើង​នឹង​នឹក​ឯង​» ហើយ​ប្រជាជន​ក៏​បាន​ថតរូប​ជាមួយ​កា​វ៉ា​ន់ ខណៈ​តន្ដ្រីករ​បាន​ច្រៀង​ចម្រៀង​នៅ​ក្បែរ​នោះ​ផង​ដែរ ។

សត្វ​ដំរី​ដ៏​កម្សត់​ឈ្មោះ កា​វ៉ា​ន់ មួយ​ក្បាល​នេះ បាន​បញ្ចេញ​អាកប្បកិរិយា​ខុស​ប្រក្រតី​ហាក់ដូចជា​មាន​បញ្ហា​ផ្លូវចិត្ត បន្ទាប់​ពី​ដៃគូ​របស់​វា​ឈ្មោះ Saheli បាន​ស្លាប់​តាំងពី​ឆ្នាំ​២០១២​មក​ម្លេ​៉ះ ហើយ​វា​ត្រូវ​នៅ​ឯកោ​តែ​ម្នាក់ឯង ។ ដោយសារ​តែ​មូលហេតុ​ទាំង​អស់នេះ ទើប​តុលាការ​ប៉ា​គី​ស្ថាន​សម្រេច​ឲ្យ កា​វ៉ា​ន់ មក​នៅ​ជម្រក​ដែល​សមរម្យ​មួយ ក្នុង​ប្រទេស​កម្ពុជា ៕ អត្ថបទដោយ៖ សុខ សារ៉ាយ