គម្រោងធ្វើស្ថានីយថ្លឹង​ឡាន​ថ្មី​ ត្រូវ​អ្នក​ភូមិលើកគ្នាជំទាស់​តវ៉ា

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​ភូមិ​បាន​មាន​ប្រតិកម្ម​តវ៉ា​ ចំពោះ​ការ​សាងសង់​ស្ថានីយ​ថ្លឹង​​រថយន្ត​ថ្មី ក្រោយ​ពី​មន្ត្រី​ជំនាញ​ចុះ​សិក្សា​គម្រោង​សាងសង់​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋចំនួន​៦០​គ្រួសារ ។ ការ​តវ៉ា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

Loading...

ក្រុម​អ្នក​ភូមិ​ទាំងនោះ​និយាយ​ថា មូលហេតុ​ដែល​ពួក​គាត់​ធ្វើការ​តវ៉ា​ចំពោះ​គម្រោង​កសាង​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្មី​នេះ ព្រោះ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ ដែល​កំពុង​រស់នៅ​សងខាង​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត គឺ​ប៉ះពាល់​ដល់​ការ​រស់នៅ​និង​ប្រកប​មុខរប​របស់​ពួក​គាត់​ដែល​មានផ្ទះ​ថ្ម និង​ដំណាំ​កសិកម្ម ហើយ​ក៏​ជា​ដី​មានកម្ម​សិទ្ធិ​ស្របច្បាប់ ។

ក្រុម​អ្នក​ភូមិ​ទាំងនោះ​និយាយ​ទៀត​ថា នៅអំឡុង​ស​ប្តា​ហ៍​នេះ មាន​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក​វាស់វែង​សិក្សា​គម្រោង​កសាង​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្មី ដែល​ការ​វាស់វែង​បាន​ប៉ះពាល់​ដល់​អ្នក​ភូមិ​ដែល​រស់នៅ​តាម​ដងផ្លូវ​ចំនួន​៦០​គ្រួសារ ។ ហេតុនេះ​ហើយ ទើប​ពួក​គាត់​នាំ​គ្នា​តវ៉ា​មិន​ឱ្យ​កសាង​លើ​គម្រោង​ថ្មី​នេះ​ដោយសារ​ប៉ះ​ផ្ទះសម្បែង​ពួក​គាត់​និង​ការ​រស់នៅ ហើយ​ស្ថានីយ​ថ្លឹង​រថយន្ត​ចាស់​កំពុង​ដំណើរការ​មាន​រួច​ហើយ​នៅ​ខាងកើត​គម្រោង​ថ្មី​ប្រមាណ​ជាង​១​គីឡូម៉ែត្រ ។

លោក សុក ចាន់​ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត ថ្លែង​ថា គម្រោង​កសាង​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្មី នៅ​ខាងលិច​ស្ថានីយ​ថ្លឹង​រថយន្ត​ចាស់​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​នេះ គឺ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បានចុះ​សិក្សា​ជំហាន​ដំបូង​ពី​ផល​ប៉ះពាល់ ។ គម្រោង​កសាង​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្មី​នេះ ជា​ប្រភេទ​ផ្លូវ​២​ខ្សែ​ទៅ​មក ដោយ​ដាក់​នៅ​កន្លែង​ទូលាយ​តាម​លក្ខណៈ​បច្ចេកទេស ព្រោះ​ស្ថានីយ​ថ្លឹង​រថយន្ត​ចាស់​នៅ​ខាងកើត​គ្នា​នោះ​តូច​ចង្អៀត ទើប​ក្រសួង​ឱ្យ​សិក្សា​គម្រោង​កសាង​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្មីនេះ ៕